អីយ៉ាស់! Al-Hilal សម្លឹងឃើញកីឡាករមកពីក្លិបបីមាន Real Madrid, Liverpool, PSG

ក្លិបយក្សអារ៉ាប៊ីសាអូឌីត Al Hilal ត្រូវបានគេរាយការណ៍មកថា កំពុងសម្លឹងមើលការផ្លាស់ប្តូរសម្រាប់អតីតខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Sadio Mane និង Eden Hazard របស់ Real Madrid រួមជាមួយខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain (PSG) កីឡាករ Lionel Messi ថែមទៀតផង។

យោងតាមគេហទំព័រ ​​Foot Mercato បានឲ្យដឹងថា Al Hilal ចង់ទាក់ទាញតារាឆ្នើមជាច្រើនរូបមកកាន់លីគអារ៉ាប់គឺ Saudi Pro League។ ពួកគេកំពុងធ្វើការប្រកួតប្រជែងជាមួយគូប្រជែងរបស់ខ្លួនគឺក្រុម Al Nassr ដែលបានចុះហត្ថលេខាលើកីឡាករឆ្នើម Cristiano Ronaldo កាលពីខែមករា។ ដូច្នេះហើយ បានជា Al Hilal កំពុងបង្ហាញចំណាប់អារម្មណ៍លើគូប្រជែងរបស់ Ronaldo គឺ Messi របស់ PSG។

ទោះជាយ៉ាងណា ក្លិបនៅអារ៉ាប់មួយនេះបង្ហាជំហរ ចង់បានកីឡាករពីររូបទៀតមកចូលរួមគឺ Mane និង Hazard។ ចំពោះ Mane បច្ចុប្បន្នគេស្ថិតនៅក្លិប Bayern Munich ដែលលេចឮព័ត៌មានអំពីអនាគតក៏ស្រពេចស្រពិលថា ខ្សែបម្រើស្លាបមិនមាននៅក្នុងផែនការរបស់លោក Thomas Tuchel នោះទេ។ ចំណែក Hazard ហាក់ត្រូវបាន Real Madrid បំភ្លេចចោលទៅហើយ ដោយមិនឃើញរូបគេបង្ហាញខ្លួនលើទីលានឲ្យក្រុមស្ដេចសរឡើយ។

គួរបញ្ជាក់ថា ក្លិប Al Hilal កំពុងស្វះស្វែងយ៉ាងខ្លាំងដើម្បីចុះកុងត្រាលើកីឡាករទាំងបីនាក់នេះឲ្យបានមកលេងលើទឹកដីអារ៉ាប៊ីសាអូឌីត៕

អត្ថបទដែលជាប់ទាក់ទង