ព័ត៌មានវៀតណាមបានផ្សាយថាជម្រើសជាតិរបស់ពួកគេស្ថិតនៅពូលដ៏ស្រួលបំផុតក្នុងវគ្គជម្រុះពានរង្វាន់ AFC U23
ការចាប់ឆ្នោតចែកពូលវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup ឆ្នាំ2024 បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា កន្លងផុតទៅ ដោយបែងចែកចេញជា ១១ពូល និងមួយពូលមាន ៤ក្រុមលើកលែងតែពូល Kប៉ុណ្ណោះ ដែលមានត្រឹមតែ៣ក្រុម។ ក្រុមដែលមានទទួលចំណាត់ថ្នាក់លេខ១ និងលេខ២ ល្អបំផុតចំនួន ៤ក្រុម នឹងមានឱកាសឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់នេះ។
សារព័ត៌មាន Vietnam News បានចុះផ្សាយក្រោយបញ្ចប់ការចាប់ពូលវគ្គចម្រុះពានរង្វាន់ AFC U23 ថាវៀតណាមធ្លាប់ធ្វើព្យុះធ្វើភ្លៀងក្នុងពានមួយនេះច្រើនលើកច្រើនសារមកហើយ។ ក្រុមជម្រើសជាតិវៀតណាម គឺជាក្រុមដែលមានបទពិសោធន៍ច្រើនជាងគេបំផុតនៅក្នុងពូល C នេះ។ វៀតណាមបានឆ្លងផុតវគ្គជម្រុះមួយនេះ ៤លើកជាប់ៗគ្នាមកហើយ អ្វីដែលកាន់តែអស្ចារ្យសម្រាប់ពួកគេនោះគឺធ្លាប់ឡើងទៅដល់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC U23 Asian Cup កាលពីឆ្នាំ២០២២ ផងដែរ។
សារព័ត៌មាននេះបានបន្ថែមទៀតថាក្រុមជម្រើសជាតិវៀតណាមបានចាប់ចំពូល C ជាពូលមួលដ៏ស្រួលបំផុតសម្រាប់ពួកគេដោយប៉ះត្រឹមតែក្រុម សិង្ហបុរី យេមែន និងកោះហ្គាម ប៉ុណ្ណោះ។
គួរបញ្ចាក់ផងដែរថា ប្រទេសវៀតណាម នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពូល C នេះ នៅក្រុងហាណូយ ពីថ្ងៃទី៤ ដល់ ១២ ខែកញ្ញា ឆ្នាំ២០២៣។