អីយ៉ាស់! ក្លិប ២នេះកំពុងប្រជែងគ្នាខ្លាំង ដើម្បីដណ្ដើមយក Maguire
ក្លិប Newcastle United និង West Ham United ចាប់អារម្មណ៍ជាខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលគឺកីឡាករ Harry Maguire របស់ Manchester United នៅរដូវក្តៅនេះ បើយោងតាមការចេញផ្សាយរបស់គេហទំព័រ GiveMeSport។
ជាការពិតណាស់ កីឡាករសញ្ជាតិអង់គ្លេសបានធ្លាក់ចេញពីការពេញចិត្តនៅទឹកដី Old Trafford ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Erik ten Hag ដោយ Maguire បានបង្ហាញខ្លួនត្រឹមតែ ៧ដងប៉ុណ្ណោះក្នុងការប្រកួត Premier League សម្រាប់ក្រុមបិសាចក្រហមនៅរដូវកាលនេះ។ ផ្ទុយទៅវិញ ប្រធានក្រុម Manchester United រូបនេះមានតួនាទីសំខាន់ខ្លាំង នៅក្នុងក្រុមកាលពីរដូវកាលមុន ដែលពេលនោះរូបគេបានចូលលេងជាង ៣០ប្រកួតនៅលីគកំពូលរបស់អង់គ្លេស។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរបស់ខ្សែការពារកណ្ដាល Harry Maguire ត្រូវផុតកំណត់នៅឆ្នាំ ២០២៥ ដោយក្រុមបិសាចក្រហម Manchester United អាចនិងយកកីឡាករកូរ៉េខាងត្បូង Kim Min-Jae របស់ក្លិប Napoli ដោយលក្ខខណ្ឌខ្ជីជើងដើម្បីជំនួសកីឡាករវ័យ ៣០ឆ្នាំ៕