Manchester United កំពុងតែពិភាក្សាជាមួយ Nottingham Forest ដើម្បីលក់ Dean Henderson
ក្លិប Manchester United ត្រូវបានកាសែតអង់គ្លេសជាច្រើនបានផ្សាយថា ពួកគេកំពុងតែពិភាក្សាជាមួយក្រុម Nottingham Forest ជុំវិញការលក់អ្នកចាំទី Dean Henderson ឲ្យក្រុមមួយនេះជាអចិន្ត្រៃយ៍នៅរដូវកាលក្រោយ ដោយអ្នកចាំទីវ័យ ២៦ឆ្នាំ រូបនេះត្រូវបានអនុញ្ញាតឱ្យចាកចេញពី Old Trafford កាលពីរដូវកាលមុន ហើយចូលរួមជាមួយ Forest ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាលប៉ុណ្ណោះ។
ក្រោមការដឹកនាំរបស់លោក Steve Cooper អ្នកចាំទី Henderson បានបង្ហាញខ្លួនសរុបចំនួន ២០ ប្រកួត នៅរដូវកាល២០២២-២៣។ បើយោងតាមអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា Forest កំពុងស្ថិតក្នុងការពិភាក្សាជាមួយ Man United ដើម្បីចុះហត្ថលេខាលើអ្នកចាំទី Henderson ជាអចិន្ត្រៃយ៍ជាមួយនឹងលក្ខខណ្ឌផ្សេងៗទៀតលើភាគីកីឡាករ និងទោះជាយ៉ាងណាក៏ដោយ Romano បន្ថែមថា បិសាចក្រហមនឹងមិនផ្តល់ភ្លើងខៀវឲ្យ Henderson ចាកចេញនោះទេ រហូតដល់អនាគតរបស់ David de Gea ត្រូវបានដោះស្រាយ។
គួរបញ្ចាក់ផងដែរថា ក្នុងពេលថ្មីៗនេះអ្នកចាត់ការក្រុមបិសាចក្រហមលោក Erik ten Hag បាននិយាយថាកីឡាករសញ្ជាតិអេស្ប៉ាញនឹងបន្តនៅ United នៅរដូវកាលក្រោយ ប៉ុន្តែលក្ខខណ្ឌលើកិច្ចសន្យាថ្មីមិនទាន់ត្រូវបានព្រមព្រៀងគ្នារវាងកីឡាករ និងក្លិបនៅឡើយទេ៕