ក្រុមបាល់ទះវិសាខា ស្ថិតក្នុងពូល A ប៉ះជាមួយក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ ក្នុងពានរង្វាន់ JBM Cup 2023…
ក្លិបបាល់ទះវិសាខា ជាក្រុមបាល់ទះមួយដែលតំណាងឲ្យកម្ពុជា ចេញដំណើរទៅប្រកួតពានរង្វាន់នៅប្រទេស ម៉ាឡេស៊ី ជាលើកដំបូង ដោយមានការចូលរួមពីប្រទេសចំនួន ៥ រួមមាន ក្រុមបាល់ទះវិសាខា (កម្ពុជា) ក្រុមបាល់ទះ Wei Xu Johor SUKMA និង Sarawak (ម៉ាឡេស៊ី) ក្រុមបាល់ទះ Win Streak និង Way Li Taiwan (កោះតៃវ៉ាន់) ក្រុមបាល់ទះ Shah Alam City Council (សិង្ហបុរី ) និងក្រុមបាល់ទះ Songkhla (ថៃ)។
ក្រោយពីការបែងចែកពូលហើយបានឲ្យដឺងថា ក្រុមបាល់ទះវិសាខា (កម្ពុជា) ស្ថិតក្នុងពូល A រួមមាន Wei Xu Johor SUKMA, Sarawak (ម៉ាឡេស៊ី) និងក្រុមបាល់ទះ Win Streak (កោះតៃវ៉ាន់) ចំណែកឯពូល B រួមមាន ក្រុមបាល់ទះ Shah Alam City Council (សិង្ហបុរី ) ក្រុមបាល់ទះ Way Li Taiwan (កោះតៃវ៉ាន់) និងក្រុមបាល់ទះ Songkhla (ថៃ)។
ពិតណាស់ សម្រាប់ជំនួបលើកដំបូងរបស់ក្រុមបាល់ទះវិសាខា (កម្ពុជា) នឹងត្រូវសួរសុខទុក្ខម្ចាស់ផ្ទះ Wei Xu Johor SUKMA (ម៉ាឡេស៊ី) និងប្រកួតបន្ទាប់ត្រូវជួបជាមួយក្រុមបាល់ទះ Win Streak (កោះតៃវ៉ាន់) នៅថ្ងៃទី២២ ខែមិថុនា និងប្រកួតទីបី ត្រូវប៉ះជាមួយក្រុមបាល់ទះ Sarawak (ម៉ាឡេស៊ី) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ហើយសម្រាប់ព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 មានរយៈពេលប្រកួត ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៥ ខែមិថុនា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទះវិសាខា (កម្ពុជា) បានធ្វើដំណើរចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចូលរួមប្រកួតបាល់ទះក្នុងសាល នៃពានរង្វាន់ JBM CUP 2023 ហើយក្រុមបាល់ទះវិសាខា (កម្ពុជា) ក៏បានធ្វើការហ្វឹកហាត់សមនៅទីលានម្តងរួចហើយដែរ៕