លោក អាំង សិរីពិសិដ្ឋ និយាយថា ការប្រកួតបាល់ទះ JBM Cup នៅម៉ាឡេស៊ី លម្អៀង មិនស្តង់ដារ
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក អាំង សិរីពិសិដ្ឋ បានផ្តល់បទសម្ភាសតាមសារអេឡិចត្រូនិកថា ពាក់ព័ន្ធនិងការកាត់ក្តីលម្អៀងរបស់មន្រ្តីអាជ្ញាកណ្តាលខ្សែបន្ទាត់របស់ម៉ាឡេស៊ី ដែលមិនឲ្យពិន្ទុមកខាងកម្ពុជា នៅពេលដែលបាល់របស់កីឡាកររបស់វិសាខា មួន និមល វាយចូលទៅលើក្រុម MBSA របស់ម៉ាឡេស៊ី។
ដោយលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាប្រធានប្រតិភូដឹកនាំក្រុមកីឡាបាល់ទះវិសាខា តំណាងកម្ពុជា បាននិយាយថា៖ “ចំពោះការប្រកួតនៅ Johor Bahru ខ្ញុំឃើញថាការរៀបចំមិនទាន់មានស្តង់ដារនៅឡើយទេ ពាក់ព័ន្ធនិងបច្ចេកទេសកាត់សេចក្តីរបស់អាជ្ញាកណ្តាល ជាក់ស្តែងការកាត់សេចក្តីមិនមានលក្ខណៈមួយយុត្តិធម៌តម្លាភាពទៅតាមនិយមន័យ (Fairplay) នៅឡើយ ហើយភាគច្រើនគឺលម្អៀងពិបាកនិងទទួលយក”។
ពិតណាស់ កម្ពុជា ក៏បានស្នើឲ្យមន្រ្តីបច្ចេកទេសរៀបចំការប្រកួត ពិចារណាឡើងវិញផងដែរលើករណីនេះ មិនត្រឹមមន្រ្តីសហព័ន្ធបាល់ទះកម្ពុជារូបនេះឡើយ សូម្បីអ្នកទស្សនាតាមការ Live លើផេកហ្វេកប៊ុករបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា រវាង កម្ពុជា ទល់និងក្រុម ម៉ាឡេស៊ី MBSA នៅវគ្គដណ្តើមលេខ៣ ក៏មើលឃើញពីការកាត់ក្តីលម្អៀងរបស់អាជ្ញាកណ្តាលម៉ាឡេស៊ីដែរ។
គួរបញ្ជាក់ថា ក្រុមបាល់ទះវិសាខា (កម្ពុជា) បានត្រឹមតែលេខ៤ ប៉ុណ្ណោះ នៃការប្រកួតក្នុងពានរង្វាន់បាល់ទះ Johor Bahru-Mayor’s Cop2023 ក្រោយចាញ់ក្រុមបាល់ទះ WIN STEAK (ម៉ាឡេស៊ី) ដោយលទ្ធផល ៣-០ សិត ដោយនៅក្នុងសិតទី១ ក្រុម WIN STEAK (ម៉ាឡេស៊ី) យកឈ្នះក្រុម វិសាខា (កម្ពុជា) ដាច់ឆ្ងាយ ២៥-១៤ បន្តដល់សិតទី២ ក្រុម WIN STEAK (ម៉ាឡេស៊ី) នៅតែបន្តឈ្នះលើក្រុម វិសាខា (កម្ពុជា) ក្នុងលទ្ធផល ២៥-២១ ចូលដល់សិតទី៣ ក្រុម WIN STEAK (ម៉ាឡេស៊ី) នៅតែខ្លាំងដោយឈ្នះទៅលើក្រុម វិសាខា (កម្ពុជា) ដោយលទ្ធផល ២៥-២១ ដដែល៕