ល្អណាស់! ពេលនេះក្លិបបាល់ទះវិសាខា ប្រកាសជ្រើសរើសយុវជនថ្នាល សម្រាប់បន្តវេន

ក្រុមបាល់ទះកំពូលរបស់កម្ពុជា គឺក្លិបវិសាខា បានប្រកាសជាផ្លូវការ ជ្រើសរើសយុវជនថ្នាល សម្រាប់បន្តវេនកីឡាករ ដែលមានវ័យច្រើនរបស់ខ្លួន នៅក្នុងការជ្រើសរើសនេះផងដែរ គឺមានលក្ខខ័ណ្ឌចំនួន ៣ ត្រូវបានកំណត់គឺ កីឡាករត្រូវមានអាយុចាប់ពី ១៤ដល់១៧ឆ្នាំ មានកម្ពស់ចាប់ ១,៨៥ ម៉ែត្រឡើងទៅ និងដាច់ខាតត្រូវមានសញ្ជាតិជាខ្មែរ។

យ៉ាងណាមិញ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញនូវមហិច្ឆតាប្រជែងយកមេដាយមាស ឲ្យទាល់តែបាន ជាមួយនោះការបង្ហាញនូវមហិច្ឆតាបែបនេះ សហព័ន្ធបាល់ទះកម្ពុជា បានប្រាប់ទៅបណ្ដាក្លិប ដែលជាសមាជិក ត្រូវតែគិតគូរខ្លាំង ក្នុងការបណ្ដុះបណ្ដាល នូវកីឡាករវ័យក្មេង ដែលជាថ្នាល។

ពិតណាស់ ក្រុមបាល់ទះកម្ពុជា នៅមានការប្រកួតច្រើនទៀត ដូចជាកីឡាអាស៊ី នៅ HANGSHOU ជាពិសេស ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ និងស៊ីហ្គេមលើកទី៣៤ នៅប្រទេសសឹង្ហបូរី នាឆ្នាំ២០២៧ អ្វីដែលជាទិសដៅរបស់សហព័ន្ធ គឺមេដាយមាស ហេតុនេះហើយ ទើបសហព័ន្ធបាល់ទះកម្ពុជា និងបង្កើតឲ្យមានព្រឹត្តិការណ៍ ក្នុងស្រុកកម្រិតអន្តរជាតិ និងការប្រកួតពាននានា នៅក្រៅស្រុក ដើម្បីបានដឹងពីសមត្ថភាពពិតប្រាកដ របស់កីឡាករ​ជាមួយបណ្ដាប្រទេសនានា បើប្រកួតតែក្នុងស្រុក ជាមួយគ្នាឯង គឺសមត្ថភាពបានត្រឹមតែកម្រិតគ្នាឯងប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុមបាល់ទះកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២ លើកចុងក្រោយនេះ បានធ្វើឲ្យបណ្ដាប្រទេស ក្នុងតំបន់ មានការស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីប្រជែងបាន មេដាយសំរិទ្ធ កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាម និងស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ក្រុមបាល់ទះកម្ពុជា ប្រជែងបានមេដាយប្រាក់ ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង