Mourinho បានទាក់ទង Greenwood ដើម្បីនាំយកមកកាន់ទឹកដីអ៊ីតាលី

គ្រូបង្វឹកលោក Jose Mourinho ត្រូវបានគេរាយការណ៍ថា បានទាក់ទងទៅកាន់ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លិប Manchester United ដើម្បីនាំយករូបគេមកចូលរួមជាមួយក្រុមក្លិប Roma នៅរដូវកាលក្រោយ បន្ទាប់ពី Greenwood មិនបានលេងឲ្យក្រុមបិសាចក្រហមចាប់តាំងពីខែមករា ឆ្នាំ ២០២២ មកដោយបញ្ហារងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនិងការបង្ខិតបង្ខំលើមិត្តស្រីខ្លួន។

យ៉ាងណាក្ដី របាយការណ៍ថ្មីៗបានបង្ហាញថាអ្នកចាត់ការទូទៅលោក Erik ten Hag មានការស្ទាក់ស្ទើរក្នុងការបញ្ចេញកីឡាករវ័យ ២១ ដែលចង់ឲ្យរូបគេនៅបន្តដើម្បីប្រកួតរដូវកាល ២០២២-២០២៣ ខាងមុខ ក្នុងនោះដែល បើយោងតាមការចេញផ្សាយរបស់កាសែត The Sun បានឲ្យដឹងថាលោក Mourinho បានទាក់ទងជាមួយ Greenwood ដើម្បីពិភាក្សាអំពីការចូលរួមជាមួយក្រុមស្ថិតនៅលីគ Serie A ក្នុងលក្ខខណ្ឌខ្ចីជើង ប្រភពដដែលបានបន្ថែមទៀតថា លោក Jose បានហៅឪពុករបស់ Greenwood ហើយក៏បាននិយាយជាមួយរូបគេផងដែរថា មធ្យោបាយដ៏ល្អបំផុតត្រូវចេញពីស្ថានភាពបច្ចុប្បន្ននិងចាប់ផ្តើមលេងបាល់ទាត់ជាថ្មី ហើយទីបំផុតបញ្ហាទាំងអស់នឹងរលាយបាត់។

គួរបញ្ជាក់ថា Mason Greenwood ធ្លាប់លេងនៅថ្នាលយុវជនរបស់ Manchester United ហើយក៏បានឡើងទៅលេងនៅឈុតធំក្នុងឆ្នាំ ២០១៨ ដែលការបង្ហាញខ្លួនលើទីលានសរុបបានចំនួន ១២៩ ប្រកួតនិងស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់បន្ទាប់ពីខកខានមិនបានចូលលេងនៅឆ្នាំ ២០២២-២៣៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង