Gundogan បានប្រៀបធៀប Haaland ទៅនឹង Ronaldo និង Messi

បាល់ទាត់​អឺរ៉ុបពេលនេះលែងមានវត្តមានតារាឆ្នើម Cristiano Ronaldo និង Lionel Messi ​ទៀត​ហើយ ដែល Ronaldo បច្ចុប្បន្នលេងឲ្យក្លិប Al-Nassr ហើយ Messi បានចូលរួមជាមួយក្លិប Inter Miami ដូច្នេះហើយ បាល់ទាត់នៅតំបន់អឺរ៉ុបគឺត្រូវការកីឡាករឆ្នើមថ្មី ដែលអាចឡើងដល់កម្រិតមួយដ៏អស្ចារ្យដូចអ្នកទាំងពីរ។

យ៉ាងណាក្ដី ខ្សែប្រយុទ្ធ Ering Haaland គឺស្ថិតនៅក្នុងចំណោមបេក្ខជនមួយដែលអ្នកគាំទ្រជាច្រើនកំពុងចាប់អារម្មណ៍លើទម្រង់លេងរបស់រូបគេ ដោយកីឡាករ​សញ្ជាតិន័រវេស​បាន​​ធ្វើ​ព្យុះធ្វើភ្លៀង​យ៉ាងខ្លាំងក្នុង​រដូវ​កាល​ដំបូងរបស់គេនៅលីគកំពូលអង់គ្លេស​ Haaland បានស៊ុតបញ្ចូលទីបាន ៥២ គ្រាប់នៅក្នុងការបង្ហាញខ្លួនលើទីលាន ៥៣ លើក ខណៈដែលក្រុមរបស់លោក Pep Guardiola បានឈ្នះពានរង្វាន់បីក្នុងមួយរដូវកាល ចំពោះរឿងនេះដែរ ខ្សែបម្រើ Ilkay Gundogan ដែលទើបនិងបញ្ចប់ការផ្ទេរពី Manchester City ទៅកាន់ Barcelona ក្នុងនាមជាកីឡាករឥតគិតថ្លៃ បាននិយាយទៅកាន់អតីតមិត្តរួមក្រុមថា៖ “និយាយតាមត្រង់ទៅ ខ្ញុំមិនដឹងថាត្រូវរំពឹងអ្វីទេនៅពេលដែល Haaland មកកាន់កីឡដ្ឋាន Etihad ប៉ុន្តែនៅពេលដែលខ្ញុំបានស្គាល់គេ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ថាតើមនុស្សម្នាក់នេះអាចមានទេពកោសល្យយ៉ាងនេះ ហើយថែមទាំងមានឆន្ទៈដើរទៅមុខជារៀងរាល់ថ្ងៃ ដែលរូបគេមិនទាន់ពេញចិត្តនៅអ្វីដែលមានបច្ចុប្បន្ននៅឡើយទេ ខ្ញុំមានអារម្មណ៍ថាដូចជាគ្មានដែនកំណត់សម្រាប់ Haaland ដោយ Messi និង Ronaldo គឺជាការប្រៀបធៀបតែមួយគត់ សម្រាប់កម្រិតដែលគេអាចឈានដល់”។

គួរបញ្ជាក់ថា Ronaldo និង Messi គឺជាកីឡាករពីររូបដែលអស្ចារ្យបំផុតមិនធ្លាប់មាន ទោះយ៉ាងណាក៏ដោយ ឥទ្ធិពលរបស់ពួកគេកំពុងធ្លាក់ចុះ ហើយ Haaland និង Kylian Mbappe ត្រូវបានគេមើលឃើញថាអ្នកទាំងពីរនេះ អាចនិងដុតកម្ដៅពិភពបាល់ទាត់នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង