ច្បាប់ថ្មី៤ នឹងមានការផ្លាស់ប្តូរសម្រាប់ក្របខ័ណ្ឌ Premier League នៅរដូវកាល ២០២៣/២០២៤ ខាងមុខនេះ
មានច្បាប់ជាច្រើនដែលបាននាំយកមកអនុវត្តនៅក្នុងការប្រកួតនាមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនៅគុណភាពនៃបាល់ទាត់ ។ជាក់ស្តែងនៅឆ្នាំ ២០២៣ នេះសហព័ន្ធបាល់ទាត់ប្រទេសអង់គ្លេសបានសម្រេចចេញនូវច្បាប់ថ្មី៤ ដាក់អោយអនុវត្តនិងប្រើប្រាស់ក្នុងន័យធ្វើអោយការប្រកួតប្រជែងកាន់តែមានអព្យាក្រឹតភាពជាងមុន ដូច្នេះ នៅពេលដែលបាល់ទាត់ត្រលប់មកវិញនៅខែក្រោយ នេះគឺជាច្បាប់ថ្មីចំនួន ៤ ដែលអ្នកអាចរំពឹងថានឹងឃើញនៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលក្រោយដែលត្រូវបានរាយការណ៍ដោយសារព័ត៍មាន The Mirror ។
-ច្បាប់ទី១ Offside
សហព័ន្ធបានធ្វើកំណែទម្រង់ច្បាប់ Offside កុំអោយមានភាពស្មុគស្មាញនិងងាយស្រួលជាងមុន ដើម្បីសម្រួលដល់អាជ្ញាកណ្តាលកាត់សេចក្តីផងដែរ
ច្បាប់ថ្មីចែងថា ទាល់តែកីឡាករភាគីម្ខាងទៀតជាគូប្រជែងរត់ហួសឬផុតខ្សែការពារទាំងអស់របស់គូប្រកួតទើបរាប់ថាជាបាល់ Offside ប៉ុន្តែបើមានផ្នែកណានៃរាងកាយមិនទាន់ហួសឬផុតគ្នាទេនោះគេមិនរាប់ថាជាបាល់ Offside ឡើយដោយរាប់ថាវាជាបាល់ Onside
-ច្បាប់ទី២ ការប្រជែងយកបាល់ក្នុងលក្ខខណ្ឌគ្រោះថ្នាក់
ចាប់ផ្តើមជាមួយនឹងរដូវកាលថ្មីខាងមុខនេះ កីឡាករអាចជៀសផុតពីការទទួលបានកាត ទោះបីជាមានកំហុសក៏ដោយ ប្រសិនបើក្នុងករណីដែលអាជ្ញាកណ្តាលជឿថាពួកគេបានប៉ុនប៉ងដោយចេតនាសម្រាប់តែបាល់ ដោយមិនមានចេតនាណាមួយក្នុងការបង្កគ្រោះថ្នាក់ដល់គូប្រជែង។
-ច្បាប់ទី៣ អ្នកចាំទី
អ្នកចាំទីនឹងត្រូវបានពិន័យប្រសិនបើអ្នកចាំទីរូបនោះព្យាយាមពន្យាពេលនៃការទាត់ និងមិនអនុញ្ញាតអោយអ្នកចាំទីទៅរំខានដល់អ្នកទាត់ឬចេញផុតពីតំបន់ខ្សែបន្ទាត់របស់ខ្លួនឡើយ ជាក់ស្តែងកាលពីអំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០២២
Emi Martinez គឺជាដើមហេតុចំបងដែលគេស្គាល់ធំបំផុតនៃរឿងមួយនេះ ជាមួយនិងការលេងចិត្តសាស្រ្តផ្លូវអារម្មណ៍ដោយផ្ទាល់ទៅកាន់ភាគីគូប្រជែង។ តែទោះបីជាយ៉ាងណាក៏ដោយច្បាប់ថ្មីនេះមិនបានហាមឃាត់អំពីការអបអរដោយប្រើក្បាច់រាំប្លែកៗនោះទេ ។
-ច្បាប់ទី៤ ច្បាប់នៃការបន្ថែមម៉ោងការប្រកួត
ដើម្បីជៀសវាងបញ្ហាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍នៃការប្រកួត សហព័ន្ធបានចែងច្បាប់ថ្មីដោយបន្ថែមម៉ោងសងវិញនៅចុងបញ្ចប់នៃការប្រកួតដោយមិនអោយបាត់សូម្បី1នាទីណាឡើយ
នេះមានន័យថាកីឡាករមិនអាចស៊ីម៉ោងឬពន្យាពេលវេលាបានដូចមុននោះទេ 1វិនាទីក៏ត្រូវរាប់បញ្ចូលមកវិញផងដែរ៕