Henderson អាចទទួលបានប្រាក់ខែគុណនឹងបួន ប្រសិនបើគេផ្លាស់ទៅក្លិបមួយនេះ
ខ្សែបម្រើ Jordan Henderson កំពុងត្រូវបានគេរាយការណ៍ថា អាចនឹងទៅលេងនៅទឹកដីអារ៉ាប់ប៊ីសាអូឌីត បន្ទាប់ពីក្លិប Al Ettifaq បានចាប់អារម្មណ៍លើរូបគេ នេះបើយោងតាមលោក David Ornstein ដែលមកពីសារព័ត៌មាន The Athletic ។
ចំពោះ Henderson បច្ចុប្បន្នអាចរកបានប្រាក់ពលកម្មប្រហែល ១៩០,០០០ ផោនក្នុងមួយសប្តាហ៍ តែបើសិនជារូបគេផ្លាស់ទៅកាន់ក្លិប Al Ettifaq មែននោះ ប្រាក់ឈ្នួលរបស់គេអាចកើនឡើងគុណនឹងបួននៃការប្រកបអាជីពនៅលើទឹកដីអង់គ្លេស លើសពីនេះទៀតនោះអតីតកីឡាកររបស់ហង្សក្រហមលោក Steven Gerrard ក៏ទើបតែផ្លាស់ទៅដឹកនាំក្នុងក្លិបនេះផងដែរ ក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីចាកចេញពី Aston Villa ។
ជាការពិតណាស់ ប្រសិនបើខ្សែបម្រើវ័យ ៣៣ ឆ្នាំយល់ព្រមលើការផ្លាស់ប្តូរមួយនេះ នោះក្លិបនឹងធ្វើការពិភាក្សាភ្លាមៗអំពីតម្លៃផ្ទេរ ដែលកុងត្រាកីឡាករសញ្ជាតិអង់គ្លេសនឹងផុតកំណត់រយៈពេល ២ឆ្នាំទៀត។
គួរបញ្ជាក់ថា Jordan Henderson មិនបានស្ថិតក្នុងផែនការរបស់គ្រូបង្វឹកលោក Jurgen Klopp ឡើយ ដោយលោកទើបតែនាំចូលកីឡាករ ២រូបទៀតគឺ Alexis Mac Allister និង Dominik Szoboszlai ដែលអាចជំនួសដំណែងរបស់ Henderson បាន៕ ប្រភព៖ tribuna