Pulisic និយាយបែបនេះក្រោយ ផ្ទេរទៅកាន់ក្លិប AC Milan ជាផ្លូវការ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាមេរិក Christian Pulisic បាន​បញ្ចប់​កិច្ចសន្យាជាមួយក្លិប Chelsea ដោយផ្ទេរទៅកាន់ក្លិប​អ៊ីតាលី AC Milan ក្នុងតម្លៃ ២០ លានផោន ដែលកុងត្រានេះមានរយៈពេល ៤ ឆ្នាំ និងជម្រើសបន្តមួយឆ្នាំទៀត។

ទោះជាយ៉ាងណាក៏ដោយ Pulisic បានក្លាយជាចំណែកលើសពីតម្រូវការនៅកីឡដ្ឋាន Stamford Bridge ដោយស៊ុតបញ្ចូលទីបានតែម្តងគត់ក្នុងរដូវកាលចុងក្រោយសម្រាប់រូបគេ ជាក់ស្ដែងខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖”វាជារឿងដ៏លំបាកមួយកាលពីប៉ុន្មានរដូវកាលមុនជាមួយ Chelsea ដែលខ្ញុំមិនទទួលបានឱកាសដែលខ្ញុំចង់បាន សម្រាប់ខ្ញុំ វាជាឱកាសដ៏ល្អមួយក្នុងការដើរចេញ ដើម្បីចាប់ផ្តើមថ្មីនិងលេងឲ្យក្រុមធំបែបនេះ”។

ដ្បិតថារូបគេនិយាយបែបនេះមែន តែចំពោះក្លិប Chelsea បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីការផ្ទេរនេះថា៖”យើងសូមជូនពរឲ្យ Christian មានសុខភាពល្អ និងអរគុណរូបគេសម្រាប់ការរួមចំណែកទាំងអស់ក្នុងអំឡុងពេលគេនៅជាមួយក្លិប”។

គួរបញ្ជាក់ថា Christian Pulisic បានចូលរួមជាមួយក្រុមតោខៀវ បន្ទាប់ពីផ្ទេរពីក្លិប Borussia Dortmund ក្នុងតម្លៃ ៥៧.៦ លានផោនក្នុងឆ្នាំ ២០១៩ ដែលធ្វើអោយរូបគេក្លាយជាកីឡាករថ្លៃបំផុតមកពីអាមេរិកខាងជើង៕ ប្រភព៖ bbc

អត្ថបទដែលជាប់ទាក់ទង