ក្រុមជម្រើសជាតិបាល់ទះកម្ពុជា និងចេញទៅបោះជំរំហ្វឹកហាត់នៅចិន ដើម្បីត្រៀមប្រកួតកីឡាអាស៊ី

សហព័ន្ធកីឡាបាល់ទះកម្ពុជា និងបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ផ្នែកបុរស ទៅបោះជំរំហ្វឹកហាត់នៅប្រទេសចិន ដើម្បីបង្កើនសមត្ថភាព ត្រៀមការប្រកួតកីឡា អាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou សាធារណរដ្ឋ ប្រជាមានិតចិន នាខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ថា៖ ស្របតាមផែនការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធ និងបញ្ជូនក្រុមបាល់ទះ បុរស ទៅបោះជំរំហាត់នៅចិន ជំនួសក្រុមនារី ត្បិតសហព័ន្ធ បានចុះឈ្មោះក្រុមបាល់ទះ បុរសកម្ពុជារួចរាល់ហើយ ដើម្បីចូលរួមការប្រកួតកីឡា Asian Games លើកទី១៩ ហើយក្រៅពីការហ្វឹកហាត់ គឺចូលរួមការប្រកួត នៅទីនោះតែម្ដង។

ពិតណាស់ តាមផែនការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅដើមខែសីហា​ ខាងមុខនេះ យើងនឹងទៅហ្វឹកហាត់នៅប្រទេសចិន ហើយយើងក៏បានចុះឈ្មោះរួចរាល់ហើយ ដើម្បីចូលរួមកីឡា Asian Games នៅទីនោះផងដែរ ហើយយើងបានសម្រិតសម្រាំងកីឡាករ ១២នាក់ ដោយសហព័ន្ធមានការផ្លាស់ប្ដូរកីឡាករមួយចំនួន ពាក់ព័ន្ធនឹងកត្ដាគុណផល និងកាយសម្បទាជាដើម ដែល ១២ នាក់នេះ គឺទៅលេងសុទ្ធសាធតែម្ដង។

លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ បានបន្តទៀតថា៖ មុនចេញទៅហ្វឹកហាត់នៅចិន សហព័ន្ធក៏មានបង្កើត នូវ Challenge Cup មួយ ក្នុងគោលដៅឲ្យកីឡាករជម្រើសជាតិទាំងអស់ ធ្វើការប្រកួតប្រជែង និងកម្ដៅសាច់ដុំ ដើម្បីពង្រឹងសមត្ថភាព ឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការចេញទៅហ្វឹកហាត់នៅក្រៅស្រុក និងត្រៀមសម្រាប់ការប្រកួតកីឡា Asian Games ដែលជាព្រឹត្តិការណ៍ដ៏ធំ ប្រចាំទ្វីបអាស៊ីទៀតផង៕

អត្ថបទដែលជាប់ទាក់ទង