Mbappe នៅតែបដិសេធឱកាសក្លាយកីឡាករដែលរកចំណូលបានច្រើនបំផុតលើពិភពលោក
យោងតាមលោក Arthur Perrot នៃការសែត RMC Sport បានឲ្យដឹងថា តារាឆ្នើម Kylian Mbappe បានបដិសេធចំពោះតម្លៃផ្ទេរដ៏ធំរបស់ក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal និងការផ្តល់ប្រាក់ពលកម្មយ៉ាងច្រើនដល់រូបគេ។
ម្ចាស់ជើងឯក FIFA World Cup ២០១៨ បានបដិសេធមិនបន្តកិច្ចសន្យាជាមួយក្លិប Paris Saint Germain ដែលនឹងផុតកំណត់នៅឆ្នាំ ២០២៤ តែចំពោះក្លិបមិនចង់ឲ្យរូបគេចាកចេញដោយឥតគិតថ្លៃនៅឆ្នាំក្រោយនេះឡើយ ដូច្នេះហើយ PSG ត្រូវតែលក់ Mbappe ជាដាច់ខាតដើម្បីបានតម្លៃផ្ទេរខ្លះ យ៉ាងណាថ្មីៗនេះមានសារព័ត៌មានជាច្រើនចុះផ្សាយថាក្លិប Al-Hilal ហ៊ានចាយលុយប្រមាណ ៣០០លានអឺរ៉ូទៅឲ្យក្លិបនៅបារាំងដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើមរូបនេះមកចូលរួមក្រុម ថែមទាំងផ្ដល់នៅប្រាក់នឿយហត់ដល់ Mbappe ដល់ទៅ ២០០លានអឺរ៉ូក្នុងមួយឆ្នាំឲ្យតែរូបគេចូលរួមជាមួយ។
ជាក់ស្ដែងបើយោងតាមលោក Fabrizio Romano បានឲ្យដឹងថា គណៈប្រតិភូរបស់ក្លិប Al-Hilal បានហោះមកកាន់ទីក្រុងប៉ារីសហើយ ប៉ុន្តែកីឡាករសញ្ជាតិបារាំងបដិសេធមិនចរចាជាមួយឡើយ។
គួរបញ្ជាក់ថា កីឡាករ Kylian Mbappe នៅតែត្រូវបានគេផ្សាភ្ជាប់ជាមួយក្លិប Real Madrid ប៉ុន្តែភាគីខាងទឹកដីអេស៉្បាញហាក់មានភាពស្ងប់ស្ងាត់៕ ប្រភព៖ sportskeeda