លោក Martino ថា វត្តមានរបស់ Messi កំពុងជួយមិត្តរួមក្រុមឲ្យកាន់តែរីកចម្រើន

អតីតគ្រូបង្វឹកក្លិប Barcelona លោក Gerardo Martino មានអារម្មណ៍ថា ការមកដល់របស់តារាឆ្នើម Lionel Messi, Sergio Busquets និង Jordi Alba កំពុងបន្សល់ទុកនូវឥទ្ធិពលវិជ្ជមានដល់ក្រុម Inter Miami ខណៈដែលកីឡាករផ្សេងទៀតកំពុងសិក្សា និងរីកចម្រើនជារៀងរាល់ថ្ងៃ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Martino បាននិយាយថា៖ “អ្វីដែលយើងបានឃើញកន្លងមកគឺពួកគេកំពុងរីកចម្រើន ដែលរៀនពីអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើនៅក្នុងអាជីពរបស់ពួកគេ វាមិនងាយស្រួលទេសម្រាប់កីឡាករដែលយើងមាននៅទីនេះ ដើម្បីទទួលបានកីឡាករដែលមានប្រវត្តិច្រើន ពានច្រើន មានសមត្ថភាពល្អបែបនេះ ជាមួយនិងកេរ្តិ៍ដំណែលក្នុងពិភពបាល់ទាត់ ដូច្នេះខ្ញុំគិតថាយើងដើរលើផ្លូវមួយដែលត្រូវ”។

ជាការពិតណាស់ ចាប់តាំងពី Messi បានចូលរួមជាមួយក្លិប Inter Miami ដោយរូបគេបានជួយក្រុមឲ្យទទួលបានជ័យជម្នះក្នុងការប្រកួតត្រឡប់មកវិញក្នុង Leagues Cup ទល់នឹងក្រុម Cruz Azul និង Atlanta United ដោយកីឡាករសញ្ជាតិអាហ្សង់ទីនបានស៊ុតបញ្ចូលទីបានបីគ្រាប់គិតមកទល់ពេលនេះ។

គួរបញ្ជាក់ថា ក្រុម Inter Miami នឹងត្រូវប្រកួតបន្ទាប់ក្នុងក្របខណ្ឌ Leagues Cup ជុំទី ៣២ នៅថ្ងៃអង្គារទល់នឹងក្រុម Orlando City ៕ ប្រភព៖ goal

អត្ថបទដែលជាប់ទាក់ទង