ពានរង្វាន់ បាល់ទះឯកឧត្តមបណ្ឌិត ស សុខា ​នឹង​ក្លាយជាការ​ប្រកួត​ប្រជែងសម្រាប់​កៅអីជម្រើសជាតិ (មានវិដេអូ)

ការ​ប្រកួតកីឡា​បាល់ទះ​ដណ្តើម​ពាន​រង្វាន់លោក ស សុខា (Sar Sokha Challenge Cup) ប្រចាំឆ្នាំ​ ២០២៣ ត្រូវបានសហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា បង្កើត​ឲ្យមាន​ឡើងជា​លើក​ដំបូង ដើម្បី​ផ្តល់ឱកាសឲ្យ​ក្លិប​បាល់​ទះ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា ដណ្តើម​យក​ពាន និង​ប្រាក់​រង្វាន់ ហើយ​ពាន​មួយនេះ ក៏​បាន​ក្លាយជាវេទិកា​ប្រកួត​ប្រជែង​ដណ្តើម​យក​កៅ​អី​ក្រុមជម្រើសជាតិ​របស់​កីឡាករ​ឆ្នើមៗ​ផងដែរ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទះកម្ពុជា បាននិយាយ​ថា៖ “ការ​ប្រកួតដណ្តើម​ពាន​រង្វាន់ឯកឧត្តម ស សុខា នេះ នឹង​ក្លាយ​ជាការ​ប្រកួត​កម្តៅ​សាច់ដុំ​ផង និងដើម្បី​​ចម្រាញ់​យក​កីឡាករ​ ១៤ នាក់​ចុង​ក្រោយផង ដើម្បី​ប្រកួត​នៅ​ស៊ីហ្គេម នាពេលខាង​មុខ អ៊ីចឹង​កីឡាករ​​ ១៤នាក់ ដែល​ធ្លាប់​មាន​មុខ ពេល​ក្រុម​កម្ពុជាបាល់ទះ ឈ្នះ​បានមេដាយប្រាក់ កាលស៊ីហ្គេម នៅ​កម្ពុជា កន្លង​មកនេះ អាច​នឹង​បាត់មុខ​ច្រើន ទោះបីជា​អ្នក​នោះ មានទេពកោសល្យ​យ៉ាង​ណា តែបើ​គេ​មិន​បាន​ចូល​ជំរំ​ហ្វឹក​ហាត់ គ្មាន​បេះដូង​ ក្នុងការ​ដាក់​ចិត្តដាក់​កាយ​ ដើម្បី​ដណ្តើម​កិត្យានុភាពជូន​ជាតិ​ទេ អាហ្នឹង​មិនអាច​មាន​ឈ្មោះ​ជាប់​ជម្រើសជាតិ​ឡើយព្រោះ​ធ្វើ​ការ​ប្រមូល​ផ្តុំ នៅ​ប្រទេស​ចិន ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​ជាតិ ប៉ុន្តែ​មិន​បាន​បម្រើជាតិ អាហ្នឹង​ខ្ញុំ​មិនអាច​​ទុក​បានទេ”។

លោកបានបន្តទៀតថា៖ “បេក្ខភាព​ជម្រើសជាតិ​ ១៤ នាក់ចុង​ក្រោយនេះ ​អាច​​នឹងមាន​កីឡាករ​ប្លែកៗមុខ​ច្រើន​បន្តិច ហើយ​​​ក្នុង​នោះ ក៏​អាច​នឹងមានកីឡាករ​កូន​កាត់របស់​យើងខ្លះ​ដែរ ដើម្បី​យើង​ដឹង​ថា តើ​គុណ​ផល​ ដែល​គាត់បាន​ចូលរួម​ប្រកួត​ហ្នឹង ​វាបានកម្រិត​ណា? វា​ល្អជាង​មុន ស្មើ​មុន ឬ​ក៏​អន់ជាង​មុន អ៊ីចឹង​វា​ស្ថិត​នៅ​ក្នុងដំណាក់​កាលតេស្ត​​សមត្ថ​ភាព​ទាំង​អស់ ហើយខ្ញុំជឿជាក់​ថា ពានរង្វាន់​ឯកឧត្តម ស សុខា អាច​នឹងកក្រើក ព្រោះ​យើង​បាន​ប្រាប់ដល់​ក្លិប ដែល​ចូលរួម​ អាច​នាំ​យក​កីឡាករ​បរទេស​មក​ប្រកួតបាន”។

គួរបញ្ជាក់ផងដែរថា តាម​រយៈចាប់​ឆ្នោត​កាលពីម្សិលមិញ នៅពូល​A មានដូចជា៖ ក្លិប​​បាល់​ទះ​វិសាខា រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរ​​បាល​ខេត្តត្បូងឃ្មុំ កង​ពលធំ​អន្តរាគមន៍​លេខ​៣ និងក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស។​ ចំណែក​នៅពូល​B វិញ មានដូចជា៖ ក្រុមបាល់​ទះ​ខេត្តតាកែវ ស្នងការ​នគរបាល​ខេត្តព្រះសីហនុ ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​ក្រុម​ស្នងការនគរបាល​ខេត្តកំពង់ឆ្នាំង ហើយការ​ប្រកួត នឹងចាប់ផ្តើម​ នៅថ្ងៃ​ទី​ ២ ខែសីហា ឆ្នាំ២០២៣ នេះតទៅ ដើម្បី​​រក​​ក្រុម​លេខ ​១ និងលេខ​ ២ នៅតាមពូលទាំង​ ២ ឡើង​ទៅ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​​ថ្ងៃទី ​​៥ និង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃទី ​៦ ខែសីហា ឆ្នាំ២០២៣ នេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង