មិនធម្មតាមែន! ក្រុមជម្រើសជាតិបាល់ទះកម្ពុជា និងត្រូវប៉ះជាមួយម្ចាស់មេដាយមាស ៣សម័យកាល កូរ៉េខាងត្បូង ក្នុងកីឡាទ្វីបអាស៊ី (មានវិដេអូ)
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានឈានជើងចូលក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games វិញហើយ បន្ទាប់ពីបានបាត់មុខតាំងពីឆ្នាំ១៩៧០ មកម្ល៉េះ ហើយក៏ជាការវិលត្រឡប់ចូលកីឡាទ្វីបអាស៊ីលើកដំបូងក្នុងរយៈពេលជិត ៥០ឆ្នាំនេះ ក្រុមកម្ពុជា ស្ថិតនៅក្នុងពូល C ជាមួយក្រុមខ្លាំងកូរ៉េខាងត្បូង និងឥណ្ឌា ក្នុងកីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅទីក្រុង Hangzhou ប្រទេសចិន។
ពិតណាស់ ក្រុមបាល់ទះកូរ៉េខាងត្បូង ត្រូវបានចាត់ទុកជាក្រុមខ្លាំងមួយប្រចាំអាស៊ី ដែលមានបទពិសោធ និងប្រវត្តិប្រកួតលើឆាកអន្តរជាតិច្រើន ទាំងក្នុងការប្រកួតបាល់ទះជើងឯកអាស៊ី កីឡាទ្វីបអាស៊ី ជើងឯកពិភពលោក ជើងឯក World Grand Prix ជើងឯក Nations Leaguee និងក្នុងព្រឹត្តិការណ៍អូឡាំពិកជាដើម ហើយពួកគេធ្លាប់បានចូលរួមប្រកួតចំនួន ១៥ដងហើយ ក្នុងចំណោមព្រឹត្តិការណ៍កីឡាអាស៊ី ១៨លើកកន្លងមក សម្រាប់ការចូលរួមទាំង ១៥លើកនេះ កូរ៉េខាងត្បូងធ្លាប់បានឈ្នះមេដាយមាស ៣លើកហើយ គឺឆ្នាំ១៩៧៨ ឆ្នាំ២០០២ និងឆ្នាំ២០០៦ ដោយឈ្នះមេដាយប្រាក់ ៣ដង គឺឆ្នាំ១៩៧៤ ឆ្នាំ១៩៩០ និងឆ្នាំ១៩៩៨ ព្រមទាំងធ្លាប់ឈ្នះមេដាយសំរិទ្ធ ៤ដង គឺឆ្នាំ១៩៨២ ឆ្នាំ១៩៩៤ ឆ្នាំ២០១០ និងឆ្នាំ២០១៨។
យ៉ាងណាមិញ បើនិយាយពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាវិញ ក៏ធ្លាប់ខ្លាំងនៅក្នុងកីឡាទ្វីបអាស៊ី កាលមុនសម័យសង្គ្រាមដែរ ដែលធ្លាប់ចូលរួមប្រកួតលើកដំបូងនៅឆ្នាំ១៩៦២ នៅប្រទេសឥណ្ឌូណេស៊ី ទទួលបានចំណាត់ថ្នាក់លេខ៧ និងឆ្នាំ១៩៧០ នៅប្រទេសថៃទទួលបានចំណាត់ថ្នាក់លេខ៤ ចាប់តាំងពីពេលនោះមក ក្រុមបាល់ទះកម្ពុជា មិនធ្លាប់បានចូលរួមប្រកួតទេ ទើបតែឆ្នាំ២០២៣ នេះ បានចូលរួមប្រកួតសាជាថ្មី បន្ទាប់ពីធ្វើបានល្អនៅក្នុងកីឡាស៊ីហ្គេមពីរលើកចុងក្រោយ គឺឆ្នាំ២០២២ ទទួលបានមេដាយសំរិទ្ធ និងឆ្នាំ២០២៣ ទទួលបានមេដាយប្រាក់ ផងដែរ។
គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល C ជាមួយក្រុមម្ចាស់មេដាយមាស ៣សម័យ កូរ៉េខាងត្បូង និងក្រុមខ្លាំងឥណ្ឌា ក្នុងកីឡាទ្វីបអាស៊ី លើកទី១៩ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅទីក្រុង Hangzhou ប្រទេសចិន ហើយគេបើកការប្រកួតនៅថ្ងៃទី២៣ ខែ០៩ ឆ្នាំ២០២៣ នេះតទៅ៕