គូជក់ចិត្តទៀតហើយ វិសាខា ប៉ះតាកែវ ខណៈ ព្រះសីហនុ ប៉ះអង្គរក្ស វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ឯកឧត្តម ស សុខា
បន្ទាប់ពីប្រកួតជម្រុះក្នុងពូលដ៏ស្វិតស្វាញអស់រយ:ពេល ៣ថ្ងៃរួមមក ពេលនេះបានរកឃើញក្រុមចំនួន ៤ ដែលត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅល្ងាចនេះ គឺក្រុមបាល់ទះ វិសាខា ជួបជាមួយក្រុមបាល់ទះ នគរបាលខេត្តតាកែវ និងក្រុមបាល់ទះ នគរបាលខេត្តព្រះសីហនុ ត្រូវជួបជាមួយក្រុមបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស នៃការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣។
ពិតណាស់ ការប្រកួតកន្លងទៅ មុននឹងទាំង ៤ក្រុមឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នេះ បានប្រកួតគ្នាយ៉ាងស្វិតស្វាញ ដោយក្រុមបាល់ទះ វិសាខា បានយកឈ្នះក្រុមបាល់ទះ កងពលធំអន្តរាគមន៍លេខ៣ ៣-០ (២៥-១៦,២៥-២០,២៥-១៩) ហើយក្រុមបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះក្រុមបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ៣-០ (២៥-១៨,២៦-២៤,២៥-១៦) ចំណែក ក្រុមបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកឈ្នះក្លិបបាល់ទះ រិទ្ធីសែនកីឡាខេត្តកំពង់ឆ្នាំង ៣-០ (២៥-៩,២៥-១៨,២៥-១៩) និងក្លិបកីឡាបាល់ទះខេត្តតាកែវ បានយកឈ្នះទៅលើក្រុមបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយលទ្ធផល ៣-១ (២៥-២០,៩-២៥,២៥-១៤,២៥-១៥) ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតនឹងចាប់ផ្ដើមនៅម៉ោង ០៥ៈ០០នាទីល្ងាច នៅសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយក្រុមបាល់ទះ វិសាខា ត្រូវជួបជាមួយក្រុមបាល់ទះ នគរបាលខេត្តតាកែវ នៅវេលាម៉ោង ០៥ៈ០០នាទីល្ងាច និងក្រុមបាល់ទះ នគរបាលខេត្តព្រះសីហនុ ត្រូវជួបជាមួយក្រុមបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស នៅវេលាម៉ោង ០៧ៈ០០នាទីយប់៕