មកស្គាល់កីឡាករ ៣រូបនេះដែលមកអាចជំនួសកន្លែងរបស់ Harry Kane
ប៉ុន្មានឆ្នាំមកនេះ តារាឆ្នើមរបស់ក្លិប Tottenham Hotspur កីឡាករ Harry Kane មានពាក្យចចាមអារ៉ាមជាច្រើនជាមួយនឹងការផ្លាស់ប្តូរចេញពីក្លិប ទោះយ៉ាងណាក៏ដោយ គ្មានអ្វីកើតឡើងនោះទេ ហើយ Kane បានបន្តដឹកនាំក្រុមបានយ៉ាងល្អពិសេសសម្រាប់ Spurs ។ ការលេងរបស់គាត់បានធ្វើឲ្យគាត់ស៊ុតបញ្ចូលទីបាន ២១៣ គ្រាប់ក្នុង ៣២០ ប្រកួតក្នុង Premier League ទោះបីជាមានគ្រាប់បាល់ក៏ដោយ Spurs បានបរាជ័យក្នុងការឈ្នះពានរង្វាន់សូម្បីតែមួយ ហើយនេះអាចជាហេតុផលរបស់ Kane ក្នុងការចាកចេញដើម្បីរកភាពជោគជ័យ ។
#1 Brennan Johnson
យោងតាមសារព័ត៌មាន MailSport ក្រុមមាន់ខ្នាយមាស Spurs កំពុងចាប់អារម្មណ៍ចង់នាំយកកីឡាករ Brennan Johnson ពីក្លិប Nottingham Forest ដែលក្នុងនោះតម្លៃរបស់កីឡាកររូបនេះគឺ ៥០លានផោន។ កីឡាករសញ្ជាតិវេលស៍រូបនេះមានអាយុត្រឹមតែ ២២ ឆ្នាំប៉ុណ្ណោះ ហើយទំនងជាមិនអាចចូលមកបំពេញកន្លែងរបស់ Kane ភ្លាមៗនោះទេ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងពេលវេលាក្នុងការអភិវឌ្ឍន៍ និងទទួលការចែករំលែកតួនាទីខ្សែប្រយុទ្ធបច្ចុប្បន្នរបស់ Spurs គឺ Richarlison គាត់អាចផ្តល់នូវជម្រើសដ៏ល្អមួយនាពេលអនាគត។
#2 Randal Kolo Muani
Randal Kolo Muani គឺជាកីឡាករដែលទទួលបានការចាប់អារម្មណ៍ពេញទ្វីបអឺរ៉ុបបន្ទាប់ពីរដូវកាលរបស់គាត់ជាមួយ Eintracht Frankfurt ។ កីឡាករសញ្ជាតិបារាំងរូបនេះស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ និង assist ១១ គ្រាប់ក្នុង ៣២ ប្រកួត នៃពានរង្វាន់ Bundesliga គាត់អាចជាជម្រើសដ៏ល្អបំផុតដើម្បីជំនួស Kane នៅជួរមុខនៅ Spurs ។
#3 Jonathan David
Jonathan David មានរដូវកាលដ៏គួឲ្យភ្ញាក់ផ្អើលមួយកាលពីឆ្នាំមុនជាមួយ LOSC Lille ខណៈដែលគាត់បានស៊ុតបញ្ចូលទី ២៤ គ្រាប់ក្នុង ២៧ ប្រកួតក្នុង Ligue 1 ដោយមានតែ Kylian Mbappe និង Alexandre Lacazette ប៉ុណ្ណោះដែលរកបានច្រើនជាងនេះ។ David មានរាងកាយល្អដើម្បីសម្របខ្លួនទៅនិងក្របខ័ណ្ឌ Premier League និងមានល្បឿនដ៏អស្ចារ្យរួមជាមួយសមត្ថភាពស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ៕