មិនទាន់បានលេងផង RASMUS HOJLUND ជួបបញ្ហារបួសបាត់

យោងតាមរបាយការណ៍របស់ Onefootball បានឱ្យដឹងថាខ្សែរប្រយុទ្ធចំណូលថ្មីរបស់បិសាចក្រហម Rasmus Hojlund បានជួបនូវបញ្ហារបួសទាំងដែលមិនទាន់បានចូលលេងឲ្យក្រុមផង។

ជាការពិតណាស់ Hojlund ទើបតែត្រូវបានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាកររបស់ United នៅ Old Trafford មុនពេលការប្រកួតតទល់ជាមួយ RC Lens កាលពីថ្ងៃសៅរ៍កន្លងទៅ។ យ៉ាងណាមិញបិសាចក្រហមបានចំណាយប្រាក់ ៧០ លានអឺរ៉ូក្នុងការនាំយកខ្សែប្រយុទ្ធខាងលើមកចូលក្រុមនិងរួមបញ្ចូលប្រាក់រង្វាន់ ១៥ លានអឺរ៉ូបន្ថែមពីលើទៀតប្រសិនបើខ្សែរប្រយុទ្ធសញ្ជាតិដាណាម៉ាក់រូបនេះអាចធ្វើបានទៅតាមអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

ពិតណាស់របាយការណ៍ដដែលបានបន្ថែមទៀតថា Hojlund បានជួបនូវបញ្ហារបួសនិងទទួលការព្យាបាលតាំងពីកំឡុងគាត់ស្នាក់នៅក្រុមចាស់ Atalanta  មកម្លេះ ហើយត្រូវបានគេរំពឹងថា Hojlund នឹងខកខានជួយក្រុមពីរទៅបីសប្តាហ៍ដំបូងនៃយុទ្ធនាការ Premier League រដូវកាលថ្មីថ្មី។

មួយវិញទៀតនៅក្នុងការអាប់ដេតថ្មីដែលចេញដោយសារព័ត៍មាន  Daily Mail បានបញ្ជាក់ឲ្យដឹងថារបួសរបស់កីឡាករវ័យ២០ឆ្នាំរូបនេះជាបញ្ហារបួសឆ្អឹងខ្នងបន្ទាប់ពីត្រូវបានឆ្លងកាត់ការស្កេនបែបវិជ្ជសាស្រ្ត MRI រួចរាល់។ជាមួយគ្នានេះដែរក្រុមគ្រូពេទ្យរបស់បិសាចក្រហមកំពុងញាប់ដៃញ៉ាប់ជើងនិងតាមដានអាការៈរបស់ Hojlund មែនទែនដើម្បីធានាឲ្យបានពីការជាសះស្បើយមុនកាលកំណត់៕

អត្ថបទដែលជាប់ទាក់ទង