អបអរសាទរ CR7 ក្លាយជាកីឡាករបាល់ទាត់តែមួយរូបគត់ដែលមានអ្នកតាមដាន ៦០០ លាននាក់នៅលើ IG
បើនិយាយពីភាពល្បីល្បាញអាចរាប់បានថានរណាក៏ចង់បានដែរ ប៉ុន្តែមិនមែនរាល់ការប៉ងប្រាថ្នាសុទ្ធតែអាចក្លាយជាការពិតដោយមិនបានឆ្លងកាត់ការខិតខំប្រឹងប្រែងនោះទេ។ មួយវិញទៀតភាពល្បីល្បាញមានបែបមានសណ្ឋានទៅតាមជំនាញបុគ្គលម្នាក់នោះ។
ជាកស្តែងនៅក្នុងវិស័យនីមួយៗ ឧទាហរណ៍ ដូចជានៅក្នុងវិស័យចម្រៀង វិស័យភាពយន្ត និងវិស័យកីឡាប្រដាល់ -ល- សុទ្ធសឹងតែមានអ្នកឈរនៅលំដាប់ទី១ ទី២ និងជាបន្តបន្ទាប់គ្នាទៅតាមឋានានុក្រមនៃភាពល្បីល្បាញរបស់ពួកគេ។
យ៉ាងណាមិញបើយើងក្រលេកមកមើលពីវិស័យបាល់ទាត់នៅលើពិភពលោកឯណេះវិញ មានមិនតិចទេកីឡាករដែលល្បីៗ និងមានប្រជាប្រិយភាព ប៉ុន្តែក៏មានមិនច្រើនប៉ុន្មានដែរកីឡាករដែលមានអ្នកតាមដានខ្ទង់រយលាននាក់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ។
ជាការពិតណាស់បើយោងតាមការចុះផ្សាយដោយសារព័ត៍មាន ESPN បានបង្ហាញថា ប្រធានក្រុមជម្រើសជាតិបញ្ចខែលព័ទុយហ្គាល់ Cristiano Ronaldo ជាអត្តពលិកបាល់ទាត់ផ្នែកបុរសតែមួយរូបគត់ដែលមានតាមដាននៅលើបណ្តាញសង្គម Instagram ច្រើនជាងគេបំផុត ពោលគឺ ៦០០ លាននាក់ ដែលនេះមិនទាន់រាប់បញ្ចូលចំនួនអ្នកតាមដាននៅលើបណ្តាញសង្គមផ្សេងៗ ទៀតនៅឡើយ។
ពិតណាស់ទម្រាំឈានជើងមកដល់ចំណុចកំពូលមួយនេះ CR7 ធ្លាប់បានឆ្លងកាត់កុមារភាពដ៏លំបាក និងពុំធ្លាប់មានអ្នកស្គាល់ពីមុនមកឡើយ គឺគ្រប់យ៉ាងចាប់ផ្តើមពីចំណុចសូន្យរហូតមកទល់បច្ចុប្បន្នដែលនរណាៗក៏ស្គាល់។
យ៉ាងណាមិញ Ronaldo តែងតែជានិមិត្តរូបនៃការខិតខំប្រឹងប្រែងរបស់ក្មេងៗ ជំនាន់ក្រោយ ដែលជាគំរូដ៏ល្អដល់មនុស្សគ្រប់គ្នាយកជាតម្រាប់ ព្រោះកីឡាករវ័យ ៣៨ ឆ្នាំរូបនេះ ពោពេញដោយការតស៊ូ និងដាក់គោលដៅជាការងារអត្ថភាពទី១នៃជីវិតរបស់គាត់ ហើយចាប់ផ្តើមធ្វើវាដោយមិនខ្លាចនឿយហត់និងឈប់ឈរសោះឡើយ៕