Kane បញ្ចប់ការតេស្ដសុខភាពក្នុងដំណាក់កាលដំបូង មុននឹងសម្រេចចិត្តចូលរួមជាមួយ Bayern

ខ្សែប្រយុទ្ធ Harry Kane បានបញ្ចប់ការតេស្ដសុខភាពដំណាក់ដំបូងរបស់គេ ខណៈដែលកុងត្រាត្រូវបានធ្វើចប់សព្វគ្រប់ក្នុងការផ្ទេរមកកាន់ក្លិប Bayern Munich ក្នុងតម្លៃ ១០៤ លានផោន។

ជាការពិតណាស់ ក្រុមម្ចាស់ជើងឯក Bundesliga បានដេញតាមយកប្រធានក្រុមជម្រើសជាតិអង់គ្លេសពេញមួយរដូវក្តៅ មុនពេលទទួលបានជោគជ័យលើការដេញថ្លៃពីក្លិប Tottenham Hotspur ក្នុងសប្ដាហ៍នេះ។

យ៉ាងណាមិញ Kane បានហោះទៅកាន់ប្រទេសអាល្លឺម៉ង់ជាមួយប្រពន្ធរបស់គេអ្នកនាង Kate Goodland នៅរសៀលម្សិលមិញនេះ ក្រោយពេលចុះចតរូបគេត្រូវបានក្រុមការងារដឹកទៅមន្ទីរពេទ្យជាកន្លែងដែលត្រូវបានក្រុមអ្នកគាំទ្រជាច្រើនទទួលស្វាគមន៍។

ជាក់ស្ដែងបើយោងតាមការចេញផ្សាយរបស់អ្នកការសែតលោក Fabrizio Romano បានឲ្យដឹងថា ក្លិប Bayern Munich បានត្រៀមកិច្ចព្រមព្រៀងរួចជាស្រេចសម្រាប់ Kane ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំសម្រាប់ឲ្យរូបគេចុះហត្ថលេខា ហើយរបាយការណ៍ខ្លះបានរាយការណ៍ថា កីឡាករវ័យ ៣១ ឆ្នាំទទួលបានប្រាក់ពលកម្មពីក្លិបនៅអាល្លឺម៉ងជាង ៤១៥,០០០ ផោនក្នុងមួយសប្ដាហ៍។

គួរបញ្ជាក់ថា Harry Kane គឺជាកីឡាករមួយរូបដែលមានភាពលេចធ្លោនៅលីគកំពូល Premier League ដោយរូបគេបានចូលរួមជាមួយក្លិប Tottenham Hotspur តាំងពីឆ្នាំ ២០១០ គិតមកទល់បច្ចុប្បន្ន Kane បានបង្ហាញខ្លួនលើទីលានចំនួន ៥០០ ប្រកួតនិងស៊ុតបញ្ចូលទីបាន ២៩៦ គ្រាប់៕ ប្រភព៖ thesun

អត្ថបទដែលជាប់ទាក់ទង