បាល់ទះ​បុរស​កម្ពុជា បើក​ឆាក​ប៉ះ​យក្ស​ឥណ្ឌា មុន​​បន្ត​ជួប​កូរ៉េខាងត្បូង នៅ​ Asian Games

​ការ​ចាប់ឆ្នោត​បែងចែក​ពូល​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ Asian Games លើក​ទី​១៩ នៅ​ប្រទេស​ចិន គេឃើញ​ថា​ក្រុម​បាល់ទះ​ក្នុង​សាល​បុរស​កម្ពុជា ស្ថិត​ក្នុង​ពូល​ជាមួយក្រុម​យក្ស​ឥណ្ឌា និង​ជើងខ្លាំងកូរ៉េខាងត្បូង ខណៈ​ការ​ប្រកួត​នឹង​ចាប់​ដំណើរការ​នៅ​ខែ​ក្រោម​នេះហើយ។

ពិតណាស់ បាល់ទះ​បុរស​ មាន​ប្រទេស​ចំនួន ១៩ បាន​ចុះឈ្មោះ​បញ្ជូន​ក្រុម​អត្តពលិក​របស់​ខ្លួន​ទៅ​ដណ្តើម​យកមេដាយ​ក្នុង​ឆ្នាំ​នេះ ខណៈ​គណៈកម្មការ​រៀបចំ​ការប្រកួត​បាន​បែងចែក​ទៅ​ជា ​៦​ពូល​ផ្សេងៗ​គ្នា សម្រាប់​ពូល C ដែលមាន​កម្ពុជា ឥណ្ឌា និង​កូរ៉េខាងត្បូង នឹងត្រូវធ្វើការប្រកួត៖

  • ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៦ល្ងាច ឥណ្ឌា ប៉ះ កម្ពុជា នៅទីលាន China Textile City Sports Centre Gymnasium
  • ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង​ ៦ល្ងាច កូរ៉េខាងត្បូង ប៉ះ ឥណ្ឌា នៅទីលាន Linping Sports Centre Gymnasium
  • ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង​ ២ៈ៣០​នាទី កម្ពុជា ប៉ះ កូរ៉េខាងត្បូង នៅទីលាន Linping Sports Centre Gymnasium

យ៉ាងណាមិញ ​ក្រុម​ចំណាត់​ថ្នាក់​លេខ ១​ និង​លេខ ២​ តាម​ពូល​​នីមួយៗ​ មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ​ ១៦​ក្រុម​ចុងក្រោយ​ ដោយស្វែង​រក​កៅអី​​ទៅ​ដណ្តើម​មេដាយ​មាស​​ប្រចាំ​ព្រឹត្តិការណ៍ ហើយព្រឹត្តិការណ៍ Asian Games រៀបចំ​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៥១ ស្រប​ពេល​ដែល​វិញ្ញាសា​បាល់ទះ​ បាន​ដាក់​ឲ្យប្រកួត​ប្រជែង​ពី​ឆ្នាំ​​១៩៥៨ សម្រាប់​កម្ពុជាវិញ នេះ​ជា​លើក​ទី ៣​ហើយ ​ដែល​បញ្ជូន​ក្រុម​បាល់ទះ​បុរស​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ Asian Games ដោយ​លើក​ទី១ នៅ​ឆ្នាំ​​១៩៦២ ដែល​ប្រទេស​ឥណ្ឌូណេស៊ី ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយ​ឈរ​លេខ​៧ ​ហើយលើក​ទី២ ក្នុង​ឆ្នាំ​១៩៧០ ដែល​ប្រទេស​ថៃ ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៤ ស្រប​ពេល​ដែល​មេដាយ​មាស​បាន​ទៅ​​ជប៉ុន មេដាយ​ប្រាក់​បាន​ទៅ​កូរ៉េខាងត្បូង និង​មេដាយ​សំរឹទ្ធិ​បាន​ទៅ​ចិន។

គួរបញ្ជាក់ផងដែរថា តាំង​ពី​ដាក់​វិញ្ញាសា​បាល់ទះ​ចូល​ក្នុង​កីឡា​អាស៊ី មក​ឃើញ​ថា​ជប៉ុន ឈ្នះ​មេដាយ​មាស​ ៨ជំនាន់​ម្នាក់​ឯង ច្រើន​ជាង​ប្រទេស​ដទៃ ខណៈ​កូរ៉េខាងត្បូង ជា​ក្រុម​ខក​ចិត្ត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ ៧​លើក ពោល​គឺ​បាន​ត្រឹម​មេដាយ​ប្រាក់ និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​ ៣លើក ស្មើ​នឹងក្រុម​យក្ស​ចិន៕

អត្ថបទដែលជាប់ទាក់ទង