ក្រុមមន្ត្រីកាត់សេចក្តីជំនួប Manchester United ទល់និង Wolves ត្រូវបានសហព័ន្ធផ្អាកការងារមួយសប្តាហ៍
នៅក្នុងជំនួបសប្តាហ៍ដំបូងនៃក្របខ័ណ្ឌ EPL រវាង Man United ទល់និង Wolverhampton Wanderers បានបញ្ចប់ទៅដោយមានភាពជម្រោងចម្រាសបន្ទាប់ពីមានភាពមិនប្រក្រតីនៅក្នុងការប្រកួតពីសំណាក់ក្រុមមន្ត្រីកាត់សេចក្តីនៅក្នុងជំនួបមួយនោះ។
យ៉ាងណាមិញបន្ទាប់ពីបញ្ចប់ការប្រកួតនិងមានការតវ៉ាមិនពេញចិត្តពីសំណាក់ក្រុមមន្រ្តីរបស់ក្រុមចចកពេលនេះក្រុមអាជ្ញាកណ្តាលកាត់សេចក្តីនៅក្នុងជំនួបមួយនោះត្រូវបានសហព័ន្ធដាក់ពិន័យដោយបានព្យួរការងារពួកគេមួយសប្តាហ៍។
បើងយោងតាមការចុះផ្សាយរបស់សារព័ត៍មាន Sky Sports អាជ្ញាកណ្តាលកណ្តាលពាក់ព័ន្ធ3រូបដែលត្រូវផ្អាកការងារនៅសម្រាប់សប្តាហ៍ក្រោយក្នុងនោះមានលោក Simon Hooper អាជ្ញាកណ្តាលបញ្ជាការប្រកួត ជំនួយការអាជ្ញាកណ្តាលវីដេអូលោក Michael Salisbury និងជំនួយការ VAR លោក Richard West នឹងមិនត្រូវបានជ្រើសរើសសម្រាប់ការប្រកួត Premier League នៅសប្តាហ៍ក្រោយនោះទេ។
ជាការពិតណាស់នៅក្នុងការប្រកួតគេបានសង្កេតឃើញថាអ្នកចាំទីរបស់បិសាចក្រហម Onana បានបង្កកំហុសទៅលើកីឡាកររបស់ Wolves នៅក្នុងប្រអប់គ្រោះថ្នាក់ ដែលការបង្កកំហុសនេះពិតណាស់គឺសមនិងផ្តល់ការពិន័យជាបាល់ ១១ម៉ែត្រទៅកាន់ក្រុមចចក ប៉ុន្តែជាក់ស្តែងមិនមានការពិន័យណាមួយកើតឡើងសម្រាប់កំហុសមួយនោះទាល់តែសោះ ទោះបីជាបានឆែកមើលវិឌីអូជំនួយហើយយ៉ាងណាក្តី។ហេតុនេះហើយទើបមានការតវ៉ាជាច្រើនអំពីរឿងរ៉ាវមួយនេះពីសំណាក់ក្រុមការងាររបស់ Wolves ទើបសហព័ន្ធបាល់ទាត់លីគកំពូលមួយនេះសម្រេចផ្អាកការងារក្រុមមន្ត្រីទាំង៣រូបតែម្តង បន្ទាប់ពីបានរកឃើញកំហុសនៅក្នុងការកាត់សេចក្តី។
ទាក់ទិងនិងរឿងនេះផងដែរគ្រូបបង្វឹករបស់ក្រុមចចកលោ O’Neil បានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំគិតថាលោក Hooper និងពិន័យទៅកាន់អ្នកចាំទីរបស់ United បន្ទាប់ពីបង្កកំហុស ប៉ុន្តែជាក់ស្តែងបែរជាគាត់មកពិន័យខ្ញុំទៅវិញមិនមែនជា Onana ឡើយ ហើយខ្ញុំយល់អំពីច្បាប់នៃការប្រកួតហើយខ្ញុំគោរពយ៉ាងខ្ជាប់ខ្ជួនតែពេលខ្លះខ្ញុំមិនអាចទទួលយកការសម្រេចរបស់អាជ្ញាកណ្តាលទាំងស្រុងនោះទេ”។
គួររំឭកថា លោក Erik ten Hag គ្រូបង្វឹកក្រុម បិសាចក្រហម ក៏បានលើកឡើងដែរថា”ខ្ញុំមិនមានអារម្មណ៍ថាវាជាការពិន័យនោះទេ ព្រោះនេះជាការជាសម្រេចរបស់អាជ្ញាកណ្តាល បើទោះជាមានការសម្រេចចុងក្រោយយ៉ាងណាក៏ដោយ”៕