បាល់ទះជើងឯកអាស៊ីលើកទី២២ ចាប់ផ្ដើមថ្ងៃនេះហើយ ដោយថៃ ត្រូវប៉ះជប៉ុន និង ឥណ្ឌូណេស៊ី ជួបជាមួយ ចិន
ជើងឯកបាល់ទះបុរសក្នុងសាលប្រចាំទ្វីបអាស៊ី Asian Men’s Volleyball Championship ដែលរៀបចំឡើងរាល់ ២ឆ្នាំម្តង នឹងធ្វើការប្រកួតលើកទី២២ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នេះហើយ ដោយប្រទេសអ៊ីរ៉ង់ ជាម្ចាស់ផ្ទះ។
ការប្រកួតនេះមានក្រុមចូលរួមចំនួន ១៧ក្រុម មកពីតំបន់នានាក្នុងទ្វីប ដោយក្នុងនោះមាន៖
- ពូល A ហុងកុង អ៊ីរ៉ង់ និង អ៊ីរ៉ាក់
- ពូល B ជប៉ុន ថៃ និង អ៊ូប៊ែគីស្ថាន
- ពូល C ចិន ឥណ្ឌូណេស៊ី និង កាហ្សាក់ស្ថាន
- ពូល D ប៉ារ៉ែន ម៉ុងហ្គោលី និង តៃវ៉ាន់
- ពូល E អាហ្វហ្គានីស្ថាន ឥណ្ឌា និង កាតា
- ពូល F បង់ក្លាដេស ប៉ាគីស្ថាន និង កូរ៉េខាងត្បូង
ពិតណាស់ សម្រាប់កម្មវិធីប្រកួតនៅថ្ងៃបើកឆាកនេះមាន៖
- ឥណ្ឌូណេស៊ី ប៉ះ ចិន
- ជប៉ុន ប៉ះ ថៃ
- ហុងកុង ប៉ះ អ៊ីរ៉ាក់
- កាតា ប៉ះ ឥណ្ឌា
- បង់ក្លាដេស ប៉ះ កូរ៉េខាងត្បូង
- តៃវ៉ាន់ ប៉ះ ម៉ុងហ្គោលី
យ៉ាងណាមិញ ពានរង្វាន់នេះ បានកំណត់ថាក្រុមដែលចូលរួមនេះ គឺមាន ១ក្រុម ជាប្រទេសម្ចាស់ផ្ទះ ហើយ ១០ក្រុមជាសមាជិកកាលពីឆ្នាំចាស់ និង ៥ក្រុមជាប្រទេសដែលខ្លាំងនៅតំបន់ក្នុងទ្វីបអាស៊ី ហើយនេះជាលើកទី ៥ហើយ ដែល អ៊ីរ៉ង់ រៀបចំធ្វើជាម្ចាស់ផ្ទះ កម្រិតទ្វីប ខណៈ ៤លើកកន្លងទៅ ធ្វើនៅទីក្រុង Tehran និងលើកទី ៥នេះធ្វើនៅទីក្រុង Urmia ចាប់ពីថ្ងៃទី ១៩ ដល់ ២៦ ខែសីហា ឆ្នាំ២០២៣ ដោយប្រើប្រាស់ទីលាន Ghadir Arena អាចផ្ទុកអ្នកគាំទ្របាន ៦០០០នាក់ និងទីលាន Shahidan Ahandoust Hall អាចផ្ទុកអ្នកគាំទ្របាន ៣០០០នាក់។
គួរបញ្ជាក់ផងដែរថា តាំងពីរៀបចំដំបូងក្នុងឆ្នាំ ១៩៧៥ មក ប្រទេសជប៉ុន ជាអ្នកឈ្នះពានរង្វាន់នេះច្រើនជាងគេ គឺរហូតដល់ ៩លើក ខណៈ កូរ៉េខាងត្បូង និងអ៊ីរ៉ង់ ឈ្នះម្នាក់ ៤លើកស្មើគ្នា ចិនឈ្នះបាន ៣លើក និង អូស្រ្តាលី ឈ្នះបាន ១លើក ចំណែកប្រទេសតំបន់អាស៊ានចំនួន ៣ធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតទ្វីបនេះ ដោយ ថៃ ធ្វើឡើងនៅឆ្នាំ ១៩៩៣ និង ២០០៥ ឥណ្ឌូណេស៊ី នៅឆ្នាំ២០០៧ និង២០១៧ និងហ្វីលីពីន នៅឆ្នាំ២០០៩៕