បាល់ទះក្នុងសាលកម្ពុជាមានសង្ឃឹមឡើងទៅកាន់ជុំបន្ត ទោះបីនៅពូលជាមួយម្ចាស់មេដាយមាស SeaGame ឆ្នាំចាស់ក៏ដោយ…

កីឡាបាល់ទះក្នុងសាលកម្ពុជា ផ្នែកបុរសនឹងត្រូវធ្វើការប្រកួតដំបូងរបស់ខ្លួនជាមួយក្រុមជម្រើសជាតិបាល់ទះក្នុងសាល សិង្ហបុរី នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ១៩ៈ៣០នាទី ក្នុងព្រឹត្តិការណ៍នៃកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ។

ក្រុមកីឡាបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំខាងមុខនេះ ដោយបានធ្វើការប្រកួតមិត្តភាពកម្តៅសាច់ដុំ និងដកស្រង់បទពិសោធន៍ ជាមួយនិងប្រទេសខ្លាំងៗ ខាងកីឡាបាល់ទះក្នុងពេលកន្លងមក ក្នុងនោះរួមមាន៖ ក្រុមជម្រើសជាតិគុយបា អាយុក្រោម ២០ឆ្នាំ ក្រុមជម្រើសជាតិ សិង្ហបុរី ក្រុមជម្រើសជាតិ បារាំងអាយុក្រោម ២០ ឆ្នាំ ​ចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទះមួយ ដែលមានបីប្រទេសចូលរួម (សឹង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា) និងក្រុមខ្លាំងក្នុងលីគបាល់ទះមកពីប្រទេសចិន (ក្លិបសាងតុង)។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិបាល់ទះក្នុងសាលកម្ពុជា ធ្លាប់មានប្រវត្តិជួបជាមួយក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ីម្តងរួចមកហើយ ដោយក្រុមទាំងពីរបានប៉ះគ្នានៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងពឹ្រត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដោយក្រុមទាំងពីរមានតាក់តិចលេងប្រហាក់ប្រហែលគ្នា ប៉ុន្តែដោយសារតែក្រុមកម្ពុជាមានធ្វេសប្រហេសតិចតួច ទើបបណ្តាលឲ្យក្រុម ឥណ្ឌូនេស៊ី យកឈ្នះបាន និងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជួបជាមួយប្រទេសវៀតណាម ខណៈកម្ពុជាត្រូវជួបជាមួយថៃ ដើម្បីដណ្តើមយកមេដាយសំរិត ហើយនេះក៏ជាឆ្នាំដំបូងដែលកម្ពុជាបានឈ្នះមេដាយទៅលើវិញ្ញាសារបាល់ទះក្នុងសាល និងជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី សម្រាប់កីឡាបាល់ទះកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង