Chelsea ឈានដល់កិច្ចព្រមព្រៀង ១៦ លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើតារាវ័យ ២៣ ឆ្នាំរូបនេះហើយ

យោងតាមអ្នកជំនាញការផ្ទេរលោក Fabrizio Romano បានឲ្យដឹងថា Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើ Djordje Petrovic ពីក្លិប MLS New England Revolution ហើយ ក្នុងនោះក្រុមតោខៀវគ្រោងនឹងចំណាយប្រាក់ ១៦ លានអឺរ៉ូដើម្បីចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិស៊ែប៊ីរូបនេះនៅថ្ងៃពុធស្អែកផងដែរ។

Petrovic គ្រោងនឹងប្រជែងជាមួយ Robert Sanchez សម្រាប់តំណែងទីមួយនៅ Stamford Bridge ។ Sanchez ក៏ត្រូវបានចុះហត្ថលេខានៅក្នុងទីផ្សារដោះដូរកីឡាករបន្តពី Brighton & Hove Albion ផងដែរ។ Petrovic បានលេង ៤៨ ប្រកួតសម្រាប់ក្រុម MLS ខាងលើនិងបានរក្សា Clean Sheet ចំនួន ១៥ដង ហើយ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានជំនួសតំណែង Matt Turner នៅ New England Revolution បន្ទាប់ពីអ្នកចាំទី Nottingham Forest បច្ចុប្បន្នបានចាកចេញទៅ Arsenal ។

Petrovic មានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៥ ជាមួយក្រុម MLS ហើយក៏ជាគោលដៅសម្រាប់ Manchester United ផងដែរ ទោះជាយ៉ាងណាក៏ដោយ បិសាចក្រហមបានចុះហត្ថលេខាលើកីឡាករ Andre Onana ជំនួសវិញ ហើយកីឡាករសញ្ជាតិស៊ែប៊ីរូបនេះត្រូវបានគេរាយការណ៍ថាមិនចាប់អារម្មណ៍ក្នុងការផ្លាស់ទៅ Old Trafford ជាតំណែងទី ២ នោះទេ៕

អត្ថបទដែលជាប់ទាក់ទង