គ្រូបង្គោលក្រុមជម្រើសជាតិដែលនៅក្នុងពូល A ទាំង ៥ បានបង្ហាញមតិរៀងៗ ខ្លួនបែបនេះ មុនប៉ះគ្នាក្នុងស៊ីហ្គេម
វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កំពុងតែជិតចាប់ផ្ដើមហើយ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែមេសា ស្អែកនេះ ហើយនេះជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះទទួលរៀបចំព្រឹត្តិការណ៍នេះ។
យ៉ាងណាមិញ នៅក្នុងសន្និសីទកាសែត មុនការប្រកួតចាប់ផ្តើម ដែលបានធ្វើឡើង កាលពីព្រឹកម៉ោង១១ ថ្ងៃសុក្រកន្លងទៅ គឺគ្រូបង្គោលតំណាងឱ្យក្រុមទាំង៥ ដែលឈរនៅពូល A បានបង្ហាញការយល់ឃើញរៀងៗខ្លួន ប៉ុន្តែម្នាក់ៗ ហាក់មិនបានបង្ហាញពីទំនុកចិត្តខ្ពស់ពេកនោះទេ ព្រោះពួកគាត់មើលឃើញថា ការប្រកួតប្រជែងក្នុងពូលនេះ មានភាពតានតឹង ដែលគ្រប់ការប្រកួតទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។
ក្នុងនាមជាម្ចាស់ផ្ទះ លោក Ryu Hirose គ្រូបង្គោលក្រុម U22 កម្ពុជា បានមានប្រសាសន៍មុនគេថា «ជាបឋមយើងសូមស្វាគមន៍ និងអរគុណសម្រាប់ការចូលរួម ក្នុងនាមជាម្ចាស់ផ្ទះ ដោយយើងមានមោទនភាព ដែលទទួលស្វាគមន៍ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ»។ លោកបានបន្ថែមថា «មិនមែនតែព្រឹត្តិការណ៍នេះទេ ព្រឹត្តិការណ៍ផ្សេងៗទៀតក៏ដូចគ្នា គឺពិតជាមានការពិបាក សម្រាប់ការប្រកួតដំបូង ដូច្នេះយើងត្រៀមរៀបចំ សម្រាប់ការប្រកួត នៅថ្ងៃស្អែក។ បើទោះបីជាយើងជួបក្រុមប្រហាក់ប្រហែលគ្នាពីព្រឹត្តិការណ៍មុនៗក៏ដោយ តែចំណុចសំខាន់របស់ក្រុម គឺយើងត្រូវគ្រប់គ្រងស្ថានការណ៍លេងឱ្យបានល្អ»។
ចំណែកលោក Indra Sjafri គ្រូបង្វឹកក្រុម U22 ឥណ្ឌូនេស៊ី បានលើកឡើងបែបនេះថា «ខ្ញុំសូមអរគុណ និងរីករាយ ដែលបានជួបគ្នាម្ដងក្នុងស៊ីហ្គេម។ សម្រាប់ខ្ញុំនេះ គឺជាលើកទី២ យើងធ្លាប់ជួបគ្នាម្ដង នៅហ្វីលីពីន ហើយយើងបានមកដោយត្រៀមកីឡាករ ២០រូប សម្រាប់ព្រឹត្តិការណ៍នេះ ដោយយើងត្រៀមរួចរាល់សម្រាប់ការប្រកួត»។
ដោយឡែកលោក Michael Feichtenbeiner គ្រូបង្វឹកក្រុម U22 មីយ៉ាន់ម៉ា បាននិយាយអរគុណដល់ម្ចាស់ផ្ទះកម្ពុជា សម្រាប់ការស្វាគមន៍យ៉ាងកក់ក្ដៅ។ លោកបានបន្ថែមថា «ខ្ញុំទើបតែចូលដឹកនាំក្រុមនេះ បាន ២ខែ ហើយយើងមានឱកាសប្រកួតមួយចំនួនផងដែរ ពេលបោះជំរំហ្វឹកហាត់ នៅប្រទេសថៃ ដោយយើងមានកីឡាករ ២០នាក់ មកជាមួយគ្នានៅទីនេះ។ វាជាស៊ីហ្គេមលើកដំបូងសម្រាប់ខ្ញុំ ហើយកីឡាករមួយចំនួនក៏ដូចគ្នា យើងជាក្រុមដ៏ក្មេង ដែលយើងកំពុងទន្ទឹងរង់ចាំការប្រកួតដ៏លំបាកទាំងអស់នេះ»។
ចំពោះគ្រូបង្គោលក្រុម U22 ហ្វីលីពីន លោក Robert James Dazo Gier វិញ បានលើកឡើងថា «អរគុណសម្រាប់ការរៀបចំ យើងបានមកដល់ទីនេះយូរជាងគេ បើធៀបនឹងក្រុមផ្សេង ដើម្បីសម្របអាកាសធាតុ ក៏ដូចជាទីលាន។ យើងមានរយៈពេលខ្លី ប៉ុន្តែពួកគេអាចធ្វើបានល្អ ហើយសម្រាប់ខ្ញុំ ក្នុងការចូលរួមជាមួយជម្រើសជាតិ គឺយើងរំពឹងចង់បានលទ្ធផលល្អ សម្រាប់ព្រឹត្តិការណ៍នេះ»។
អតីតកីឡាករជម្រើសជាតិហ្វីលីពីនរូបនេះ បានបន្ថែមទៀតថា៖ «កីឡាករយើងមកពីខាងក្រៅច្រើន គ្រប់គ្នា គ្រប់ការប្រកួត គឺជាការប្រកួតដ៏លំបាក។ ទោះយ៉ាងណា មានកីឡាករខ្លះក៏ធ្លាប់បានចូលរួមប្រកួតស៊ីហ្គេម ចំណែកខ្លះទៀតជាលើកដំបូងសម្រាប់ពួកគេ»។
យ៉ាងណាមិញ បុរសជនជាតិកូរ៉េខាងត្បូង លោក Park Soon Tae ជាគ្រូ U22 ទីម័រខាងកើត បាននិយាយថា «យើងពិតជារីករាយ ដែលបានមកទីនេះ។ យើងដឹងថា នេះជាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា យើងនឹងយកឱកាស ក៏ដូចជាបទពិសោធន៍ សម្រាប់ព្រឹត្តិការណ៍នេះ។ នៅថ្ងៃស្អែក ជាការប្រកួត តទល់នឹងម្ចាស់ផ្ទះ ហើយយើងដឹងថា អ្នកគាំទ្រកម្ពុជាមកពេញកីឡដ្ឋាន អ៊ីចឹងយើងនឹងលេងដោយភាពរីករាយ ឱ្យអស់ពីលទ្ធភាព ព្រោះយើងបានរៀបចំច្រើនខែមកហើយ»។
សូមបញ្ជាក់ថា ការប្រកួតជម្រុះប្រចាំពូល A នេះនឹងចាប់ផ្ដើម នៅរសៀលថ្ងៃទី២៩ ខែឧសភា ស្អែកនេះ ដោយចាប់ផ្ដើមម៉ោង ៤:០០រសៀល ដែលជាការជួបគ្នារវាងក្រុម U22 ឥណ្ឌូនេស៊ី និង ក្រុមU22 ហ្វីលីពីន ហើយនៅម៉ោង ៧:០០យប់ វាជាការប្រកួតរវាងក្រុមម្ចាស់ផ្ទះកម្ពុជា ជាមួយក្រុម U22 ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិ៕