វីរបុរសបាល់ទាត់ ទាំងពីរនេះ Messi និង Ronaldo ឈ្នះពានលើកដំបូងនៅក្រៅតំបន់អឺរ៉ុបដូចគ្នា

កីឡាករឆ្នើម ខ្សែប្រយុទ្ធទាំងពីរនាក់នេះ Lionel Messi មានអាយុ ៣៦ឆ្នាំ ខណៈ Cristiano Ronaldo មានអាយុ៣៨ឆ្នាំ ពួកគេបានសម្ពោធពានថ្មីមួយដូចគ្នា ក្រោយចាកចេញពីទឹកអឺរ៉ុប ទៅលេងឲ្យក្លិបនៅសហរដ្ឋអាមេរិក និងក្នុងប្រទេសអារ៉ាប៊ីសាអូឌីតរួចមក។

កំពូលវីរបុរស Messi បានជួយក្រុម Inter Miami FC របស់លោក David Beckham គ្រងជើងឯកពាន League Cup 2023 នៅពេលយកឈ្នះក្រុមលេងក្នុងក្របខណ្ឌ Major League Soccer ដូចគ្នា Nashville SC នៃវគ្គទាល់បាល់ប៉េណាល់ទី ១០-៩ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយពេលកីឡករ​​​ពាក់លេខ១០ រូបនេះ បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះ លេងឲ្យក្លិបស្ថិតនៅទីក្រុង Miami របស់សហរដ្ឋអាមេរិក។

ស្ថិតក្នុងវ័យ ៣៦ឆ្នាំ វីរបុរសបាល់ទាត់ Messi ស៊ុតបាន ១០គ្រាប់ នៃការចូលលេង ៧ប្រកួតក្នុងក្លិបថ្មី បន្ទាប់ពីចប់កិច្ចសន្យារយៈពេល ២រដូវកាលជាមួយ Paris Saint-Germain របស់បារាំង។ ក្នុងនោះ League Cup ក៏ជាពានទី១ សម្រាប់ក្លិប Inter Miami FC ផងដែរ ក្រោយពេលក្លិបអាជីពមួយនេះ ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០២០ និងជាពានលើកដំបូងសម្រាប់កីឡាករ Messi ដែរ ដ្បិតអតីតម្ចាស់ពាន Ballon d’Or ៧សម័យកាល ឈ្នះបាន ៤៣ ពាន សរុបពេលលេងនៅតំបន់អឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង