ឲ្យរាងកុំចេះតែហ៊ាន! ថ្ងៃសុក្រនេះ FIFA កំពុងដំណើរការនីតិវិធីវិន័យប្រឆាំងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បឺតមាត់កីឡាការិនីម្នាក់
ស្ថាប័នកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA បានបើកដំណើរការនីតិវិធីវិន័យប្រឆាំងនឹងលោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រទេសអេស្ប៉ាញ ដែលថើបមាត់កីឡាការិនី Jenni Hermoso បន្ទាប់ពីក្រុមជម្រើសជាតិនារីប្រទេសនេះ ឈ្នះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកនារីឆ្នាំ ២០២៣ FIFA Women’s World Cup 2023 ដែលប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ទទួលធ្វើជាម្ចាស់ផ្ទះរួមគ្នា។
លោក Rubiales បានថើបមាត់ខ្សែប្រយុទ្ធ Jenni Hermoso ក្នុងពិធីបំពាក់មេដាយមាស បន្ទាប់ពីអេស្ប៉ាញយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រលទ្ធផល ១-០ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ និងក្រោយមកបុរសជនជាតិអេស្ប៉ាញវ័យ៤៦ឆ្នាំរូបនេះ បានសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងដោយអចេតនារបស់ខ្លួន ព្រោះតែមានក្តីរីករាយខ្លាំងពេកជាមួយនឹងជោគជ័យរបស់ក្រុមជម្រើសជាតិនារីរបស់ខ្លួន។
នេះបើតាមរបាយការណ៍ជាច្រើនចេញពីអេស្ប៉ាញ បានឱ្យដឹងថា លោក Rubiales គ្រោងនឹងប្រកាសលាលែងពីតំណែងរបស់ខ្លួន នៅថ្ងៃសុក្រនេះផ្ទាល់តែម្តង (កាលបរិច្ឆេទក្នុងស្រុក) ដោយបានជូនដំណឹងដល់ក្រុមការងារអំពីការសម្រេចចិត្តរបស់គាត់រួចរាល់ហើយ។ លោក Rubiales បានបាត់បង់ការគាំទ្រពីសំណាក់កីឡាករ កីឡាការិនី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល FIFA និងសូម្បីតែអង្គការក្នុងស្រុក ដែលពឹងផ្អែកលើថវិការបស់សហព័ន្ធអេស្ប៉ាញ ជាពិសេស គឺសំឡេងប្រឆាំងពីមហាជនកក្រើកប្រទេសអេស្ប៉ាញតែម្ដង។
FIFA បានប្រកាសនឹងពិនិត្យមើលថា តើសកម្មភាពរបស់លោក Rubiales គឺជាការបំពានលើមាត្រា ១៣ នៅក្នុងក្រមវិន័យរបស់ខ្លួន ទាក់ទងនឹងអាកប្បកិរិយាប្រមាថ ការប្រកួតប្រកបដោយយុត្តិធម៌ ភក្តីភាព និងសុចរិតភាព។ FIFA រំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគោរពសុចរិតភាពរបស់បុគ្គលទាំងអស់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះអាកប្បកិរិយាផ្ទុយពីនេះ។ លើសពីនេះទៀតនោះ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ដែលហៅកាត់ថា RFEF បានកោះប្រជុំមហាសន្និបាតវិសាមញ្ញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រនេះ ដោយបានហៅថា «គឺជាបញ្ហាបន្ទាន់»៕
ប្រភព៖ កោះសន្តិភាព