មហាជនកំពុងចាប់អារម្មណ៍លើប្រវត្តិបុរសម្នាក់នេះ ដែលជាអ្នកការពារកីឡាករ Messi ស្ទើគ្រប់វិនាទី

ក្រោយបានឃើញ​វី​ដេ​អូ​ឃ្លីបមួយ ត្រូវ​បាន​ចែករំលែក​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ធ្វើឲ្យអ្នក​គ្រប់​គ្នា​ពិតជា​ចង់​ដឹង​ខ្លាំង​ណាស់​ថា តើ​បុរសម្នាក់មាឌមាំ ធំដំបង ដែលតែងតែដើរការពារកំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi
រូប​នោះ​ជា​នរណា និង​មាន​ប្រវត្តិ​បែប​ណាខ្លះ ទើប​លោក David Beckham ទុកចិត្ត​យក​មក​ការពារតារាឆ្នើមរូប​?

យោង​តាម​ប្រភព​ពី​កាសែត La Nacion របស់​អា​ហ្ស​ង់​ទី​ន​បាន​ទម្លាយ​ជីវប្រវត្តិ​ត្រួស​ៗ របស់​អង្គរក្ស​រូប​នោះ ដែល​មានឈ្មោះ​ថា Yassine Chueko គឺជា​អតីត​ទាហានជើងទឹក​របស់​សហរដ្ឋអាមេរិក (Navy Seal) ដែល​មានបទពិសោធន៍​នឹង​ការ​ប្រយុទ្ធ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ជាមួយ​ជំនាញ​ក្បាច់គុន តេ​ក្វា​ន់​ដូ ប្រដាល់ និង​ធ្លាប់​ចូលរួមរ​ប្រកួត​កីឡា​គុន​ចម្រុះ MMA និង​ប្រដាល់សេរី​ជា​ច្រើន​លើក​ផង​ដែរ​។

ការ​សម្រេចចិត្ត​របស់​លោក Beckham ជ្រើសរើស Chueko ដែល​មាន​ជំនាញ​ការពារ​ខ្ពស់ កើតឡើង​ចំ​ពេល​មានការ​កើនឡើង​ខ្លាំង នៃ​ចំនួន​អ្នកគាំទ្រ​រត់​ចូល​ទីលាន​អំឡុង​ពេល​ប្រកួត​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយដោយ​ពិចារណា​លើ​ការ​គាំទ្រ​ដ៏​ពុះកញ្ជ្រោល​មិន​គួរ​ឱ្យ​ជឿ​របស់ Messi សម្រាប់​ការ​មក​ប្រកប​អាជីព​នៅ​សហរដ្ឋអាមេរិក នេះ​គឺជា​ជម្រើស​ដ៏​សំខាន់​បំផុត ដែល​ត្រូវធ្វើ​ជា​ចាំបាច់​។

ផ្នែក​មួយ​នៃ​ការងារ​របស់​លោក Chueko គឺ​ការ​ឃ្លាំមើល Messi ជាប់​គ្រប់​វិនាទី​ទាំងអស់ អំឡុង​ពេល​ប្រកួត ដូច្នេះ​អ្នក​ការពារ​រូប​នេះ អាច​ស្ទាក់​ចាប់​អ្នកគាំទ្រ​អុកឡុក​ក្នុង​ទីលាន ដែល​ព្យាយាម​ចូល​ទៅ​ជិត​ប្រធាន​ក្រុម Inter Miami រូប​នេះ​។ អង្គរក្ស​រូប​នេះ ក៏​ត្រូវ​ការពារ Messi មុន និង​ក្រោយ​ការ​ប្រកួត​ផង​ដែរ មិន​ថា​ពេល​ដើរ​ចេញពី​ឡានក្រុង​របស់​ក្រុម ទៅ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ គាត់​តែងតែ​ស្ថិត​នៅ​ជាប់​ជា​និច្ច​។ ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​នៅ​ពេល​ដែល Messi ចេញ​ក្រៅ​ជាមួយ​គ្រួសារ​នៅ​ទី​សាធារណៈ ដូច​ជា​ដើរ​ផ្សារ​ទិញ​ទំនិញ​ជាដើម Chueko ត្រូវ​តែ​បង្កើន​ការ​ការពារ​របស់​ខ្លួន​។

គួររំឭកថា ខណៈពេលនេះកំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi ដែលមានអង់រក្សការពារគ្រប់វិនាទីរូបនេះ ក៏កំពុង​រីករាយ​ជាមួយ​ជោគជ័យ​ជា​បន្តបន្ទាប់​របស់​ខ្លួន សម្រាប់​អាជីព​នៅ​សហរដ្ឋអាមេរិក​ជាមួយ​ក្លិប Inter Miami ដែល​មាន​លោក David Beckham ជា​សហ​ម្ចាស់​ក្លិប​នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក​មួយ​នេះ​។ តួយ៉ាង Messi បាន​ដើរតួ​យ៉ាង​ខ្លាំង​ក្នុង​ជ័យជម្នះ​របស់​ក្រុម Inter Miami លើ​ក្រុម Cincinnati តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៥-៤ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ថ្មីៗនេះ និងត្រៀមបន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ US Open Cup ដោយ​ត្រូវ​ប៉ះ​ក្រុម Houston Dynamo នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆាប់​ៗ​ខាង​មុខ​នេះផងដែរ​៕

Yassine Chueko. Messi’s bodyguard
https://www.instagram.com/p/ClwQ9pRhRF3/

អត្ថបទដែលជាប់ទាក់ទង