ទីបំផុតលោក ទីវ តារារិទ្ធ អ្នកដែលជិះកង់ឆ្ងាយបំផុតបាននាំយកថវិកាជាង ៥ ម៉ឺនដុល្លារ មកជូនមន្ទីពេទ្យកុមារអង្គរ ហើយ
នៅថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២៣នេះ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់មន្ទីពេទ្យកុមារអង្គរ បានចេញដំណើរទៅស្វាគមន៍លោក ទីវ តារារិទ្ធ ដោយជិះកង់រួមគ្នាចេញពីស្រះស្រង់ មកកាន់បរិវេនមន្ទីពេទ្យកុមារអង្គរ។
ដោយកម្មវិធីស្វាគមន៍យ៉ាងអធិអធមនេះដែរគឺធ្វើឡើងដើម្បីទទួលលោក ទីវ តារារិទ្ធ ដែលបានបំពេញបេសកម្មជិះកង់ចម្ងាយ ៩៧៥០ គីឡូម៉ែត្រ និងធ្វើដំណើរឆ្លងកាត់ចំនួន ៦ ប្រទេស ដោយប្រើពេលជិត ៣ ខែ ក្នុងនោះដែរ លោក ទីវ តារារិទ្ធ បានរៃអង្គាសថវិកាសរុបចំនួន $56,257 ។
គួរបញ្ជាក់ថាកម្មវិធីជិះកង់សប្បុរសធម៌ “ Southest Asia Bike Touring For Charity ” ក្នុងគោលបំណងរៃអង្គាសថវិកាជូនទៅមន្ទីពេទ្យកុមារអង្គរ ដោយមានការឯកភាពពីនាយមន្ទីពេទ្យកុមារអង្គរ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ។ ក្នុងបេសកម្មជិះកង់ផ្សងព្រេងតែម្នាក់ឯងរបស់លោក ទីវ តារារិទ្ធ នេះដែរបានចាប់ផ្ដើមចេញដំណើរតាំងពីថ្ងៃទី ០១ ខែ មិថុនា មកម្ល៉េះ ៕