ក្រុមបាល់ទះនារី ថៃ ឈ្នះជើងឯកអាស៊ីឆ្នាំ២០២៣ ក្រោយឈ្នះ ចិន នៅវគ្គផ្តាច់ព្រ័ត្រ

ក្រុម​​បាល់​ទះជម្រើស​ជាតិនារី ​ថៃ​ បាន​គ្រង​ជើង​ឯក​បាល់ទះ​នារី​អាស៊ី ឆ្នាំ​២០២៣ (Asian Senior Women’s Championship) លើក​ទី​២២ បន្ទាប់​ពី​បាន​ប្រកួត​ឈ្នះ​ក្រុម​​បាល់​ទះជម្រើស​ជាតិនារី ចិន​ ដោយ​លទ្ធផល ៣-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ២០២៣។

ពិតណាស់ នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រុម​បាល់ទះ​នារី​ ថៃ​ បាន​យក​ឈ្នះ​ក្រុមនារី​ អូស្ត្រាលី ៣-០ និង​ឈ្នះ​ក្រុម​បាល់ទះនារី​ ម៉ុងហ្គោលី ៣-០ ហើយនៅវគ្គ​ខ្វែង​ ក្រុមបាល់ទះ​នារី​ ថៃ​ បាន​យក​ឈ្នះ​ក្រុម​បាល់ទះនារី ​កូរ៉េ​ខាង​ត្បូង ​ដោយ​លទ្ធផល ៣-០ និង​ឈ្នះ​ក្រុមបាល់ទះ​នារី​ វៀតណាម ​ដោយ​លទ្ធផល ៣-១ ដើម្បី​​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ហើយពួកគេបាន​​បន្ត​យក​ឈ្នះ​ក្រុម​ខ្លាំង​ ជប៉ុន ដោយ​លទ្ធផល ៣-២ សម្រាប់​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

យ៉ាងណាមិញ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​បាល់ទះនារី​ ថៃ​ បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​នារី​ ចិន​ ដោយ​លទ្ធផល ៣-២ ដើម្បី​គ្រង​ជើង​ឯក​បាល់ទះ​នារី​អាស៊ី ឆ្នាំ២០២៣ លើក​ទី​២២ នេះតែម្តង​ ហើយនេះក៏ជា​កំណត់​ត្រា​ថ្មី​មួយសម្រាប់​ក្រុមបាល់ទះ​នារី​ ថៃ ដោយមិន​ស្គាល់​បរាជ័យ​ម្តង​ណា​សោះ​រហូត​ឈ្នះ​ជើង​ឯកប្រចាំ​ឆ្នាំ​២០២៣ នេះ។

គួរបញ្ជាក់ផងដែរថា ក្រុម​បាល់ទះនារី ​ចិន​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ និង​ក្រុម​បាល់ទះនារី ជប៉ុន​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ហើយការឈ្នះ​ជើង​ឯក​បាល់ទះ​នារី​អាស៊ី ឆ្នាំ២០២៣ នេះ​ ជា​លើក​ទី៣ ហើយ​ដែល​ក្រុម​បាល់ទះ​នារី ​ថៃ បាន​ឈ្នះ​ គឺការ​ឈ្នះ​លើក​ទី​១ នៅ​ឆ្នាំ​២០០៩ និង​ឈ្នះលើក​ទី​២ ឆ្នាំ​២០១៣៕

អត្ថបទដែលជាប់ទាក់ទង