ត្រូវអាជ្ញាកណ្ដាលរាប់ដល់១០ នៅវង្វេងហើយ នីគីតា និងអ្នកឲ្យទឹកមិនពេញចិត្តចំពោះការបញ្ឈប់ទៀត!

ការប្រកួតប្រដាល់គុនខ្មែរក្នុងកម្មវិធីអ្នកប្រមាញ់គុនខ្មែរ លើក្រុមអ្នកពិឃាតបរទេសទាំង ៥ នាក់ របស់ស្ថានីយទូរទស្សន៍ថោន កាលពីម្សិលមិញកីឡាករបេឡារុស នីគីតា ជីរ៉ាសីម៉ូវីស អាចស៊ូនឹងកណ្តាប់ដៃរបស់ ធឿន ធារ៉ា បានត្រឹមពាក់កណ្តាលទឹកទី ២ ប៉ុណ្ណោះ ខណៈកីឡាករ នីគីតា ហាក់មិនពេញចិត្តនឹងការសម្រេចចិត្តរបស់លោកអាជ្ញាកណ្ដាលកាត់សេចក្តីឡើយ។

ពិតណាស់ ការប្រកួតនៅទឹកទី១ ធឿន ធារ៉ា បានសម្រុកវាយសន្ធាប់ទៅលើកីឡាករ នីគីតា ប៉ុន្តែកីឡាករសញ្ជាតិបេឡារុស រូបនេះ ហាក់ដឹងពីស្នៀតវាយរបស់ ធឿន ធារ៉ា ធ្វើឲ្យរូបគេគេចផុតជាញឹកញាប់ និងទប់ទល់រហូតដល់បញ្ចប់ទឹកទី១។

យ៉ាងណាមិញ ចូលមកដល់ទឹកទី២ កីឡាករ ធឿន ធារ៉ា បង្កើនការប្រយុទ្ធ និងវាយសន្ធាប់ទៅលើកីឡាករ នីគីតា ជីរ៉ាសីម៉ូវីស រហូត់ដល់ពាក់កណ្តាលទឹកទី២ កីឡាករ នីគីតា ជីរ៉ាសីម៉ូវីស ត្រូវ ធឿន ធារ៉ា ដាក់មួយដៃពេញគល់ថ្គាមបណ្តាលឲ្យយដួលដាច់ជំហរទៅលើក្តាតាបពី ត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់៨ មិនទាន់ដឹងខ្លួន ហើយលោក ម៉ាក់ សាមឿន ក៏បន្តរាប់ដល់ ១០ រួចបញ្ឈប់តែម្ដង ប៉ុន្តែកីឡាករ នីគីតា ជីរ៉ាសីម៉ូវីស ហាក់មិនយល់ស្របនឹងការសម្រេចចិត្តរបស់លោក ម៉ាក់ សាមឿន ដែលបញ្ឈប់ការប្រកួតត្រឹមពាក់កណ្តាលទឹកទី២ នេះនោះទេ ហើយជាមួយគ្នានោះ អ្នកឲ្យទឹកក៏បានតវ៉ាបន្ថែមទៀតផងដែរ ប៉ុន្តែត្រូវគណៈកម្មការអាជ្ញាកណ្ដាលសម្រេចបញ្ចប់ការប្រកួត ដោយប្រគល់ជ័យជម្នះឲ្យទៅកីឡាករ ធឿន ធារ៉ា តែម្ដង។

គួរបញ្ជាក់ថា ការកាត់ក្តីរបស់លោកអជ្ញាកណ្តាល ម៉ាក់ សាមឿន កាលពីម្សិលនិញ ពិតជាត្រឹមត្រូវតាមវិជ្ជាជីវៈអាជ្ញាកណ្ដាលបញ្ជាការប្រកួត ព្រោះកីឡាករ នីគីតា ជីរ៉ាសីម៉ូវីស ពិតជាបាត់បង់ម្ចាស់ការពិតមែន បើលោកអាជ្ញាកណ្ដាលហ៊ានឲ្យប្រកួតបន្តទៀត ច្បាស់ជាត្រូវកីឡាករ ធឿន ធារ៉ា វាយឲ្យសន្លប់ធំមិនខាន ព្រោះកីឡាករ នីគីតា ជីរ៉ាសីម៉ូវីស ត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់ ១០ហើយ ស្មារតីមិនទាន់ដឹងស្រួលបួលផង៕

អត្ថបទដែលជាប់ទាក់ទង