ពេលនេះជើងចាស់ ឡុង សុភី បានប្រកាសដើរចេញពីរប្រដាល់គុនខ្មែរហើយ ក្រោយប្រឡូកអស់រយៈពេល ២០ឆ្នាំ…
ជើងខ្លាំងប្រដាល់គុនខ្មែរ ឡុង សុភី បានប្រកាសឈប់ពីរប្រដាល់គុនខ្មែរហើយ បន្ទាប់ពីបានប្រឡូកក្នុងអាជីពមួយនេះអស់រយៈពេលជាង ២០ឆ្នាំ ដោយធ្លាប់បានឈ្នះខ្សែក្រវាត់ចំនួន ៨គ្រឿង ហើយនៅឆ្នាំ ២០២៣ នេះ គាត់បានឡើងប្រកួតបានប្រហែលជា ៣ដងប៉ុណ្ណោះ គឺឈ្នះពិន្ទុកីឡាករឡាវ ស៊ីធឿង ហើយចាញ់ពិន្ទុកីឡាករថៃ យ៉តឌីសេល និងចាញ់ពិន្ទុ ផេតសាម៉ាត។
ពិតណាស់ អ្នកលេងគុនខ្មែរ ឡុង សុភី បាននិយាយថា៖ “សួស្តី ពុកម៉ែ បងប្អូន ដែលស្រឡាញ់ គាំទ្រ ប្រដាល់គុនខ្មែរទាំងអស់គ្នា ខ្ញុំបាទ ឡុង សុភី ហៅ នី សុភី សូមអរគុណ ពុកម៉ែ បងប្អូន ដែលស្រឡាញ់ គាំទ្រខ្ញុំពីមុនមក ចាប់ពីថ្ងៃនេះទៅ ខ្ញុំបានចាកចេញពីសង្វៀនប្រដាល់គុនខ្មែរហើយ សុំទោស ពុកម៉ែ បងប្អូន ដែលស្រឡាញ់ គាំទ្រ ខ្ញុំបាទរហូតមក ការខិតខំប្រឹងប្រែងរបស់ខ្ញុំ ២០ឆ្នាំ ដល់ថ្ងៃបញ្ចប់ហើយ ខ្ញុំនៅតែនឹក នៅតែស្រឡាញ់ តែកាត់ចិត្តដើរចេញពីវា ដើម្បីដើរឲ្យបានឆ្ងាយ ខ្ញុំបាទ ឡុង សុភី សូមអរគុណបងប្អូនដែលស្រឡាញ់ គាំទ្រខ្ញុំទាំងអស់គ្នាខ្លាំងណាស់”។
យ៉ាងណាមិញ សិស្សរបស់ក្លិប ឡុង សាលវ័ន្ត កីឡាករ ឡុង សុភី បានចាប់អាជីពប្រដាល់គុនខ្មែរតាំងពីក្មេងមករហូតដល់ពេលនេះមានរយៈពេល ២០ឆ្នាំហើយ ដោយកីឡាកររូបនេះ មានសមត្ថភាពល្អដែលមានដៃគូជាមិត្តរួមជាតិខ្លាំងៗដូចជា៖ កែវ រំចង់ រឿង សោភ័ណ្ឌ ពេជ្រ សីហា និង ម៉ឺន សុភា ជាដើម ហើយដៃគូដែលកក្រើកខ្លាំងបំផុតក្នុងពិភពប្រដាល់គុនខ្មែរគឺ កែវ រំចង់ ដែលការប្រកួតរបស់ពួកគេម្តងៗ បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅសង្វៀនបាយ័ន។
គួរបញ្ជាក់ថា ក្នុងអាជីពប្រដាល់រយៈពេល ២០ឆ្នាំកន្លងមកនេះ ឡុង សុភី ធ្លាប់បានចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ចំនួន ១១ដង ក្នុងនោះបានឈ្នះខ្សែក្រវាត់ ៨ដង ហើយក៏ធ្លាប់ទទួលបានត្រឹមលេខ ២ម្តង លេខ ៣ម្តង និងលេខ ៤ម្តងផងដែរ៕