ពេលនេះ! លោកគ្រូ ប៉ឺត ខាំ បានតបទៅកាន់ Dave Leduc ដែលថា អាចផ្តួល ព្រំ សំណាង ត្រឹម ២នាទីប៉ុណ្ណោះ…
បើតាមការគ្រោងទុកជំនួបរវាងជើងខ្លាំងគុនខ្មែរ ព្រំ សំណាង និងស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc អាចនឹងធ្វើឡើងនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍ថោន បន្ទាប់ពីកីឡាករទាំងពីរផ្ទុះសង្គ្រាមពាក្យសំដីដាក់គ្នាជាបន្តបន្ទាប់ពេលកន្លងមក។
ពិតណាស់ ក្រោយការកំណត់ពេលវេលា ទីកន្លែង និងច្បាប់នៃការប្រកួតរួចរាល់កាលពីខែសីហា កីឡាករទាំងពីរនៅតែបន្តផ្ទុះសង្គ្រាមពាក្យសំដីដាក់គ្នាទៅវិញទៅមក ជាពិសេសអ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំងចំពោះ ព្រំ សំណាង ដែលបាននិយាយអំពីតម្លៃខ្លួន ដោយសាររូបគេចង់បានតម្លៃឲ្យសមនឹងការប្រកួតអន្តរជាតិជាមួយជើងខ្លាំងមីយ៉ាន់ម៉ា Dave Leduc ផងដែរ ហើយអ្វីដែលថ្មីបំផុតនោះគឺ Dave Leduc បានឆ្លើយតបនឹងអ្នកបញ្ចេញមតិនៅលើគណនី Facebook របស់ខ្លួន ដោយបានបញ្ជាក់ថា៖ រូបគេអាចផ្តួលកីឡាករ ព្រំ សំណាង បានយ៉ាងលឿន ហើយក៏អាចប្រកួតយូររហូតដល់ ៣០នាទីក៏បាន។
Dave Leduc បាននិយាយថា៖ “ខ្ញុំអាចផ្តួល ព្រំ សំណាង ក្នុងរយៈពេលត្រឹមតែ ២នាទី ប៉ុន្តែខ្ញុំក៏អាចប្រកួតបានយូររហូតដល់ ៣០នាទី ប្រសិនគាត់ចង់”។ ការលើកឡើងបែបនេះបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអតីតជើងខ្លាំងគុនខ្មែរ ប៉ឺត ខាំ បានលើកឡើងថា៖ “កីឡាករភូមា Dave Leduc នឹងមិនអាចធ្វើអ្វីបានលើ ព្រំ សំណាង ឡើយ”។
គួរបញ្ជាក់ថា តាមការព្រមព្រៀង ការប្រកួតរវាង ព្រំ សំណាង និង Dave Leduc គឺប្រកួតលក្ខណៈគុនខ្មែរ និងវ៉ៃ ១ទឹក ៩នាទី ហើយការប្រកួតនេះ បើគ្មានកីឡាករណាម្នាក់សន្លប់ទេ គឺស្មើគ្នា ស្របពេលការប្រកួតនេះជាលក្ខណៈមិត្តភាព និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ៕