ស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីអៅ នៅតែទទួចចង់ឡើងសង្វៀនមួយនេះ ដើម្បីបំពេញបំណងប្រាថ្នារបស់ខ្លួន (មានវីដេអូ)


ស្តេចប្រដាល់សកលហ្វីលីពីន លោក ម៉ានី ប៉ាក់គីអៅ មានគម្រោងឡើងសង្វៀនប្រកួតលក្ខណៈផ្លូវការជាថ្មី ដោយចង់តំណាងប្រទេសកំណើតរបស់ខ្លួន ក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស នាឆ្នាំ ២០២៤ ខាងមុខនេះ បើទោះបីបច្ចុប្បន្នលោកឈានចូលវ័យ ៤៥ឆ្នាំទៅហើយក្តី។

លោក ប៉ាក់គីអៅ នាពេលកន្លងទៅធ្លាប់បានថ្លែងប្រាប់សារព័ត៌មានហ្វីលីពីន Rappler ថា រូបគាត់ពិតជា ចង់ប្រកួតតំណាងប្រទេសហ្វីលីពីន ក្នុងការប្រកួតអន្តរជាតិ មុនពេលចាប់ផ្តើមអាជីពជាអ្នកប្រដាល់សកល ប៉ុន្តែមិនត្រូវបានជ្រើសរើសនោះទេ។

កំពូលអ្នកប្រដាល់មាឌល្អិតចិត្តធំ ដែលកំពុងប្រឡូកក្នុងឆាកនយោបាយរូបនេះ បាននិយាយថា «ខ្ញុំកំពុងរង់ចាំឱកាសនោះ ហើយខ្ញុំរំភើបចិត្តចំពោះវាណាស់ គឺតាំងពីដើមមក ខ្ញុំបានទៅទីក្រុងម៉ានីល ដើម្បីចង់ក្លាយជាផ្នែកមួយនៃក្រុមជម្រើសជាតិហ្វីលីពីន ប៉ុន្តែខ្ញុំមិនត្រូវបានជ្រើសរើសទេ ដោយខ្ញុំត្រូវបានគេច្រានចោល ពីព្រោះពួកគេថា ខ្ញុំមិនល្អ។ បេះដូង និងបំណងប្រាថ្នារបស់ខ្ញុំ គឺចង់បានមេដាយមាស នៅក្នុងកីឡាអូឡាំពិក»។

ជាមួយគ្នានេះ លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន បានលើកឡើងតាមរយៈសារព័ត៌មានខាងលើថា ការកំណត់អាយុ នៅក្នុងការប្រកួត Asian Games ដែលជាវគ្គជម្រុះ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក គឺមានអាយុត្រឹម៤០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ប៉ាក់គីអៅ ត្រូវបានគេរាយការណ៍ថា អាចមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រកួតនៅឆ្នាំក្រោយនេះផងដែរ។

គួររំឭកថា កីឡាករហ្វីលីពីន ម៉ានី ប៉ាក់គីអៅ ឆ្លងកាត់ការប្រកួតសរុបចំនួន ៧២ដង ឈ្នះ ៦២ដង ស្មើ ៨ដង និងចាញ់ ២ដង ខណៈផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួតចំនួន ៣៩ដង និងជាកីឡាករប្រដាល់សកលដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះខ្សែក្រវាត់ពិភពលោក ១២ លើ ៨ ប្រភេទទម្ងន់ផ្សេងគ្នា និងជាកីឡាករតែម្នាក់គត់ បានកាន់កាប់ជើងឯកពិភពលោករហូត ៤ ទសវត្ស គឺ ១៩៩០, ២០០០, ២០១០ និង ២០២០។

ការប្រកួតអាជីពចុងក្រោយរបស់លោកប៉ាគីអៅ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយអ្នកលេងកណ្តាប់ដៃមហាទម្ងន់រូបនេះបានចាញ់អ្នកប្រដាល់គុយបា Yordenis Ugas និងបន្ទាប់មកប៉ាក់គីអៅ បានប្រកាសចូលនិវត្តន៍ភ្លាមៗពីអាជីពរបស់ខ្លួនតែម្ដង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ប៉ុន្មានឆ្នាំមុននេះ។

សូមជម្រាបជូនថា ចំពោះស្តេចប្រដាល់រូបនេះ បើទោះបីជាចូលនិវត្តន៍ក៏ពិតមែន ប៉ុន្តែប៉ាគីអៅ បានបង្ហាញវត្តមានសម្រាប់ការប្រកួតសប្បុរធម៌ ឬ ក្រៅផ្លូវការ ដោយបានយកឈ្នះលើគ្រូគុនកូរ៉េខាងត្បូង DK Yoo កាលពីខែធ្នូ ឆ្នាំមុន និង ក៏កំពុងត្រៀមប៉ះកំពូលអ្នកប្រដាល់ ថៃ ប៊ូខាវ បេនឆាមេក (Buakaw Banchamek) នៅក្នុងការប្រកួតក្រៅផ្លូវការមួយទៀត នៅដើមឆ្នាំ ២០២៤ខាងមុខនេះផងដែរ៕

អត្ថបទដកស្រង់ពីកោះសន្តិភាព និងកែសម្រួលបន្ថែមដោយលោក ចេង ចំរើន

អត្ថបទដែលជាប់ទាក់ទង