ពេជ្រ សម្បត្តិ និយាយថា លែងចង់ជួប ណង សាវ ទៀតហើយ ក្រោយផ្តួលឲ្យសន្លប់កាលពីម្សិលមិញ
អ្នកលេងគុនខ្មែរក្របីព្រៃ ពេជ្រ សម្បត្តិ បានផ្តួលកីឡាករមិត្តរួមជាតិ ណង សាវ ឲ្យសន្លប់ក្នុងការប្រកួត ១ទឹក ៩នាទីនៅសង្វៀនថោន នាល្ងាចថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយការប៉ះគ្នារបស់អ្នកទាំងពីរនេះ ជាជំនួបដែលអ្នកគាំទ្រចង់ឃើញជាយូរណាស់មកហើយ ដោយសារ ពេជ្រ សម្បត្តិ ជាជើងខ្លាំងដ៏មានប្រជាប្រិយភាពតាមរយៈស្មារតីប្រយុទ្ធឆ្ពោះទៅមុខមិនចេះរាថយ និងកណ្តាប់ដៃធ្ងន់ៗ ខណៈ ណង សាវ ជាកីឡាករម្នាក់ដែលវ៉ៃបច្ចេកទេស ទាត់ល្អ និងកណ្តាប់ដៃល្អ។
ពិតណាស់ នៅលើសង្វៀនបង្ហាញថា ពេជ្រ សម្បត្តិ បានដើរចូលវ៉ៃកណ្តាប់ដៃផ្ទួនៗទៅលើផ្ទៃមុខ និងក្បាលពោះ របស់ ណង សាវ ខណៈ ណង សាវ បានព្យាយាមទាត់ ធាក់ចេញ និងប្រើកណ្តាប់ដៃ ដែរ ប៉ុន្តែមិនអាចធ្វើអ្វីបានទៅលើ ក្របីព្រៃ ហើយការប្រកួតបានជាង ៦នាទីប៉ុណ្ណោះ ណង សាវ មិនអាចទ្រាំទ្រនឹងការសម្រុក និងកណ្តាប់ដៃផ្ទួនៗរបស់ សម្បត្តិ បានក៏បញ្ជប់តែម្តង។
យ៉ាងណាមិញ ក្រោយចប់ការប្រកួត ណង សាវ បាននិយាយថា៖ ខ្លួនចង់ជួប ពេជ្រ សម្បត្តិ ម្តងទៀត វ៉ៃ ៣ទឹកក៏បាន វ៉ៃ ៥ទឹកក៏បាន ប៉ុន្តែក្របីព្រៃ ពេជ្រ សម្បត្តិ បាននិយាយវិញថា៖ ខ្លួនលែងចង់ជួប ណង សាវ ទៀតហើយ ពីព្រោះជាខ្មែរដូចគ្នា។
គួរបញ្ជាក់ផងដែរថា នេះជាការឈ្នះលើកីឡាករមិត្តរួមជាតិជាលើកទី ២ហើយសម្រាប់ ពេជ្រ សម្បត្តិ បន្ទាប់ពីរូបគេបានយកឈ្នះលើជើងខ្លាំងគុនខ្មែរ ឃីម បូរ៉ា កាលពីដើម ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ៕