នៅថៃមានអ្នកផ្តួល រថ ថាំង បានហើយ ចុះនៅកម្ពុជា វិញ តើអ្នកណាអាចរក្សារហស្សនាមក្របីព្រៃ បាន?
កាលពីយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ ជើងខ្លាំងថៃ រថ ថាំង ត្រូវបានកីឡាករមិត្តរួមជាតិ ស៊ុបភើឡេក ផ្តួលនៅលើសង្វៀន ONE ហើយ ចុះរវាងក្របីព្រៃកម្ពុជា ពេជ្រ សម្បត្តិ និងក្របីព្រៃប្រេស៊ីល អេឡិក សាន់ដ្រូ តើនរណាជាអ្នកបន្តប្រើរហស្សនាម«ក្របីព្រៃ»នេះទៀតបាន?
ពិតណាស់ រហស្សនាមក្របីព្រៃ ដែលមានទាំងកម្ពុជា និងប្រេស៊ីល ពេលនេះកីឡាករទាំងពីរ នឹងត្រូវឡើងប្រកួតដាក់រហស្សនាម រៀងៗខ្លួន ដើម្បីធ្វើជាដើម នៃការប្រកួតក្នុងកម្មវិធី «សេនាគុនខ្មែរយ័ន្ត ៨ទិស» របស់ស្ថានីយទូរទស្សន៍ថោន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈលោក MC វុត្ថា ដែលជាអ្នករៀបចំកម្មវិធីកីឡាប្រដាល់ទូរទស្សន៍ន៍ថោន បាននិយាយថា៖ “ដោយកីឡាករ ពេជ្រ សម្បត្តិ មិនចង់ឲ្យមានរហស្សនាម «ក្របីព្រៃ» ពីរនៅប្រទេសកម្ពុជា ទើបរូបគេស្នើឲ្យលោករៀបចំកម្មវិធីប្រកួតមួយ ដើម្បីដាក់រហស្សនាម អ្នកចាញ់ត្រូវឈប់ប្រើរហស្សនាម «ក្របីព្រៃ» ជាដាច់ខាត ហើយអ្នកឈ្នះនឹងនៅបន្តប្រើវា”។
យ៉ាងណាមិញ ងាកទៅមើលជើងខ្លាំងរបស់ថៃ កីឡាករដែលមានរហស្សនាម មនុស្សដែក រថ ថាំង និងមានអំនួតខ្លាំងលើសង្វៀន ONE ប្រកួតគុនថៃ មិនដែលចាញ់នោះ បានបរាជ័យក្រោមកណ្តាប់ដៃមិត្តរួមជាតិ ស៊ុបភើឡេក កាលពីយប់មិញ ហើយនេះក៏ជាការបរាជ័យដ៏ធំមួយ និងជាការបាក់អំនួតរបស់កីឡាករ រថ ថាំង ដែលធ្លាប់តែបង្ហាញភាពក្រអឺតក្រទមដាក់ដៃគូដែលមានភាពកម្សោយជាងខ្លួនដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតមហាព្រឹត្តិការណ៍លំដាប់ពិភពលោក សេនាគុនខ្មែរយ័ន្ត ៨ទិស នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នាស្ថានីយទូរទស្សន៍ថោន ហើយបេក្ខភាពដែលចូលរួមមាន ៨រូប ក្នុងនោះរួមមាន៖ រាហ៊ូមាស ឈុត សេរីវ៉ាន់ថង នាគរាជខ្មៅ ឈឿង ល្វៃ សម្រែករាជសី ម៉ានូ សិល្បៈ ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ ក្របីព្រៃ ពេជ្រ សម្បត្តិ អ្នកលេងពូថៅដៃ ធឿន ធារ៉ា និងអធិរាជជង្គង់កែងឆាប ព្រំ សំណាង ចំណែកឯភាគីបរទេសវិញ មកពីជុំវិញពីភពលោក គឺមានថៃ ២រូប ជប៉ុន ២រូប ទុយនេស៊ី ១រូប អ៊ីតាលី ១រូប សហរដ្ឋអាម៉េរិក ១រូប និងប្រេស៊ីល ១រូប៕