កាលពីយប់មិញ! គូដែលជក់ចិត្តបំផុតក្នុងកម្មវិធីសេនាគុនខ្មែរយ័ន្ត ៨ទិស គឺគូ ពេជ្រ សម្បត្តិ និង អេឡិច សាន់ដ្រូ
មិនដែលមានទេប្រវត្តិសាស្រ្ត Mas Fight ប្រដាល់ស្រុកខ្មែរ ១ទឹក ៩នាទី អត់អ្នកសន្លប់ ចឹងគេថែម ១ទឹកទៀត ចឹងវាឡើង ២ទឹក ១៨នាទី ចុងក្រោយ ពេជ្រ សម្បត្តិ ជាអ្នកទទួលបានជ័យជម្នះ បន្ទាប់ពី អេឡិច គោះតាបពីមិនអាចបន្តការប្រកួតទៀតបាន នៅក្នុងព្រឹត្តិការណ៍ប្រដាល់ «សេនាគុនខ្មែរយ័ន្ត៨ទិស»។ ដ្បិតថាកីឡាករប្រេស៊ីល អេឡិចសាន់ដ្រូ គោះដៃជាសញ្ញាសុំបញ្ឈប់ការប្រកួតដ៏ដោយ ក៏អ្នកគាំទ្រកម្ពុជារាប់លានអ្នកកោតសរសើរ នៅទឹកចិត្តជាកីឡារបស់កីឡាករសញ្ជាតិប្រេស៊ីល អេឡិចសាន់ដ្រូ ដែលបានប្រកួតយ៉ាងស្វិតស្វាញជាមួយក្របីព្រៃ ពេជ្រ សម្បត្តិ។
ពិតណាស់ មានអ្នកទស្សនានៅសង្វៀនប្រកួតផ្ទាល់ក្បែរពាន់នាក់ និងអ្នកទស្សនាតាមបណ្តាញសង្គមហ្វេសប៊ុកប្រមាណជាង ៤សែន ៤ម៉ឺននាក់ទៀត សម្តែងការសរសើរ និងអបអរជាខ្លាំងដល់កីឡាករ ពេជ្រ សម្បត្តិ ដែលដណ្តើមបាន (ពានរហស្សនាមក្របីព្រៃ) និងក្លាយជាកីឡាករកម្ពុជាដំបូងគេ ប្រកួតប្រដាល់គុនខ្មែរដណ្តើម «រហស្សនាម» ប្រើប្រាស់ជាផ្លូវការ និងមានកម្មសិទ្ធិបញ្ញាស្របច្បាប់។
ក្នុងនោះលោកគ្រូរីកគី ដែលជា MC និងជាគ្រូបង្វឹកផ្ទាល់របស់កីឡាករ អេឡិចសាន់ដ្រូ បាននិយាយថា៖ មែនទែនទៅកូនសិស្សរបស់លោកមិនបានបោះបង់ការប្រកួតនៅពេលដែលរូបគេបានដួលទៅលើក្តាតាបពីនោះទេ ប៉ុន្តែលោកបានផ្តល់ជាសញ្ញាឲ្យកូនសិស្សបញ្ឈប់ការប្រកួតតែម្ដង ព្រោះលោកមើលឃើញស្ថានភាពកីឡាករ អេឡិចសាន់ដ្រូ មានសភាពមិនល្អ និងខ្លាចកូនសិស្សប៉ះពាល់សុខភាពធ្ងន់ធ្ងរទៅថ្ងៃក្រោយ ទើបលោកលើកដៃជាសញ្ញាឲ្យ អេឡិចសាន់ដ្រូ បញ្ឈប់ការប្រកួតភ្លាមៗ ពេលរូបគេបោះភ្នែកចោលមកលោក ទាំងដែល អេឡិចសាន់ដ្រូ ខ្លួនឯងនៅចង់បន្តការប្រកួតទៀត។
លោករីកគី បានបន្តទៀតថា៖ តាមរយៈការប្រកួតនេះ លោកទទួលស្គាល់ថា កីឡាករ ពេជ្រ សម្បត្តិ ពិតជាសក្តិសមនឹងទទួលបានរហស្សនាម (ក្របីព្រៃ) តែមួយគត់នៅកម្ពុជាពិតប្រាកដមែន ហើយសមត្ថភាពកីឡាករ ពេជ្រ សម្បត្តិ នេះ ក៏អាចឈានទៅបង្ហាញខ្លួនលើឆាកអន្តរជាតិនៅឯក្រៅប្រទេសបានដែរ លោកពិតជាទទួលស្គាល់ការបរាជ័យរបស់កូនសិស្ស ដែលតម្រូវឲ្យលោកត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត៕