កាលពីយប់មិញ Dave Leduc បានចូលមើលកាលប្រកួតរបស់ ព្រំ សំណាង ហើយក៏បានចូល ខមិន ឌឺបែរលេងសើចទៅ ព្រំ សំណាង…
កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ព្រំ សំណាង បានទទួលរងបរាជ័យរបូតខ្សែក្រវាត់ IPCC គុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍ថោន សហការជាមួយស្ថាប័ន IPCC ពិភពលោក ហើយការប្រកួតនោះក៏មានការចូលទស្សនាពីសំណាក់ដៃគូ ព្រំ សំណាង នៅប្រទេសភូមា ផងដែរ គឺស្តេចប្រដាល់ឡេតវេយ៍កីឡាករ ដាវ លីឌុច ខណៈរូបគេបានទាំងខមិន ឌឺបែរលេងសើចទៅ ព្រំ សំណាង ផងដែរ។
ពិតណាស់ កីឡាករ ដាវ លីឌុច ដែលបានចូលទស្សនាតាមរយៈផេកផ្លូវការទូរទស្សន៍ថោន ដោយបានចូលទៅខមិនថា៖ « After this fight they will get married!» ដែលប្រែជាភាសាខ្មែរថា «ក្រោយចប់ការប្រកួត ពួកគេនឹងរៀបការ» សារនេះ ដោយសារកីឡាករទាំងពី ២ទឹកអោបគ្នារហូតពេក ដែលតាំងពីទឹកទី ១ រហូតដល់បញ្ចប់ការប្រកួត ព្រោះពួកគេចូលចិត្តអោបគ្នាវាយជងង្គង់។
យ៉ាងណាមិញ លោក គឹម ស្រ៊ុនកុសល ហៅ ថមមី គីម បានបង្ហោះសារលើកទឹកចិត្តដល់កីឡាករកម្ពុជា និងបរទេស នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០២៣នេះថា៖ “តាងនាមខ្ញុំអ្នករៀបចំកម្មវិធីប្រដាល់វេីកគុនខ្មែរ សេនាគុនខ្មែរយ័ន្ត៨ទិស និងក្រុមការងារទាំងអស់ សូមគោរពថ្លែងអំណរគុណ ដល់ពុកម៉ែបងប្អូនពូមាមីង អ្នកស្នេហាកីឡាគុនខ្មែរគ្រប់ៗរូប ចំពោះការគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កីឡាករគុនខ្មែររបស់យើង ក៏ដូចជាកីឡាករបរទេស ជាពិសេសបានផ្តល់ភាពកក់ក្ដៅដល់កីឡាករអន្តរជាតិ ដែលបានមកចូលរួមប្រកួតក្នុងកម្មវិធីនេះកីឡាមានឈ្នះមានចាញ់ ជារឿងធម្មតា សំខាន់យើងបានផ្សព្វផ្សាយក្បាច់គុនរបស់យើង ក៏ដូចជាប្រទេសរបស់យើង ឱ្យបណ្តាប្រទេសផ្សេងៗបានស្គាល់ បានយល់ ជាពិសេសបានកោតសរសើរ ថាប្រទេសយើងរីកចម្រើន មានសន្តិភាព មានស្នាមញញឹមរាក់ទាក់ ទទួលស្វាគមន៍ពួកគេ ទោះគេឈ្នះក្តី ចាញ់ក្តី!”។
លោក ថមមី គីម បន្ថែមទៀតថា៖ “យើងនៅតែផ្តល់បេះដូងក្រហមគាំទ្រដល់ពួកគេ និងកីឡាករគុនខ្មែរយើងជានិច្ច យើងមិនដែលបោះបង់ពួកគាត់ឡើយ មានតែលើកទឹកចិត្តបន្ថែមឱ្យពួកគាត់ខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងក្លាទៅទៀត។ អ្នកចាញ់ប្រឹងហ្វឹកហាត់ឱ្យខ្លាំង ដើម្បីស្តារមុខមាត់មកវិញ អ្នកឈ្នះរិតតែខំប្រឹងហ្វឹកហាត់ ដើម្បីសមាហរណកម្មខ្លួនឯងចូលប្រកួតក្នុងកម្មវិធីធំៗនៅលើពិភពលោកឱ្យជ្រៅជាងនេះថែមទៀត។ អ្នកគាំទ្រគុនខ្មែរ ស្រឡាញ់សាមគ្គីគ្នា គុនខ្មែរយើងនឹងដើរទៅមុខ រីកចម្រើនទៅមុខ ថ្ងៃណាមួយយើងនឹងដើរទន្ទឹមជាមួយគេ ឱ្យគេបានភ្លក់រសជាតិអាវុធរបស់យើងជាក់ជាមិនខាន!”៕