ពេជ្រ សិង្ហៈ បានយកបងប្រុសរបស់ខ្លួនធ្វើជាគំរូ ដើម្បីភាពជោគជ័យនៅថ្ងៃមុខ

កីឡាករវ័យ​ក្មេង​ ពេជ្រ សិង្ហៈ ដែលបានដាក់ចិត្តខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីទទួល​ជោគជ័យ​ដូចបងប្រុសបង្កើតរបស់ខ្លួនគឺកីឡាករក្របីព្រៃ ពេជ្រ សម្បត្តិ ដែលជោគជ័យខ្លាំងក្នុងអាជីពប្រដាល់របស់ខ្លួន ហើយ ពេជ្រ សិង្ហៈ បានសម្រេចចិត្តចូល​ប្រឡូក​គុនខ្មែរ ដោយមិនមានភាពស្ទាក់ស្ទើរនោះទេ ពីព្រោះរូបគេមានចិត្តស្រឡាញ់គុនខ្មែរតាំងពីក្មេង និងតែងតែមើលបងប្រុសរបស់ខ្លួនប្រកួត​ជំរុញ​ឲ្យ​រូប​គេ​ចាប់អាជីពជាអ្នកប្រដាល់ដែល។

ពិតណាស់ ពេជ្រ សិង្ហៈ បានប្រាប់និយាយថា៖ “ដំបូង ខ្ញុំមើលបងប្រុសរបស់ខ្ញុំប្រកួត ហើយខ្ញុំក៏ចង់ប្រកួតដែរ ខ្ញុំ​មានចិត្តស្រឡាញ់គុនខ្មែរ​ខ្លាំង ពេលឃើញបងប្រុសប្រកួតបានចំណូលជួយគ្រួសារ ឃើញបែបនេះខ្ញុំក៏សុំឪពុកម្តាយទៅហាត់ប្រដាល់ជាមួយបងប្រុសដែល ហើយសម្រាប់ឪពុកម្តាយរបស់ខ្ញុំគាត់បានអប់រំណែនាំខ្ញុំឲ្យតស៊ូអត់ធ្មត់ក្នុងការហ្វឹកហាត់ ចំពោះបងប្រុសរបស់ខ្ញុំ គាត់តែងតែប្រាប់ខ្ញុំថាក្នុងនាមជាអ្នកកីឡាយើងត្រូវអត់ធ្មត់ស៊ូទ្រាំប្រឹងប្រែងហ្វឹកហាត់ហើយគោរពវិន័យក្លិបនិងស្តាប់ដំបូន្មានគ្រូទើបយើងទទួលបានជោគជ័យ”។

យ៉ាងណាមិញ ក្នុងការហ្វឹកហាត់នៅក្លិបប្រដាល់គុនខ្មែរ ពេជ្រ សុផាន់ កីឡាករ ពេជ្រ សិង្ហៈ​ មិនសូវជួបបញ្ហាលំបាកទេ ពីព្រោះរូបគេត្រូវបានបងប្រុសបង្កើតកីឡាករ ពេជ្រ សម្បត្តិ ជួយជ្រោម​ជ្រែង និង​ណែនាំ​ជា​ប្រចាំ ហើយឪពុកម្ដាយ​ក៏​គាំទ្រ​ឲ្យ​ខ្ញុំ​ចាប់​អាជីព​ប្រដាល់​​ដែរ នេះក៏ជាកត្តាមួយ​ធ្វើឲ្យ​ខ្ញុំ​មានកម្លាំង​ដើម្បី​អនាគត​របស់ខ្ញុំ។

គួរបញ្ជាក់ផងដែរថា កីឡាករ ពេជ្រ សិង្ហៈ ធ្វើបានយ៉ាងល្អ​​ក្នុង​ការ​ប្រកួត​មិត្តភាពអន្តរជាតិលើកដំបូងក្នុងកម្មវិធីគុនខ្មែរអលស្តារវគ្គ ៨ ដោយផ្តួលកីឡាករ ​ឡាវ​ ក្នុងទឹកទី២៕

អត្ថបទដែលជាប់ទាក់ទង