ការប្រកួតជម្រុះ AFC Cup រវាងភ្នំពេញក្រោន ជាមួយ Shan United នឹងចាប់ផ្ដើមនៅយប់នេះ

ការប្រកួតពានរង្វាន់លំដាប់ទី២ នៅអាស៊ី AFC Cup រវាងក្រុមភ្នំពេញក្រោន និង Shan United ត្រូវបានរៀបចំប្រកួតនៅវេលាម៉ោង ៧:០០យប់នេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក។

មុនពេលប៉ះគ្នានេះនៅក្នុងសន្និសិទសារព័ត៍មាន គ្រូបង្វឹកភ្នំពេញក្រោនលោក Oleg Starynskyi បានលើកឡើងពីការប្រកួតនេះថា៖”យើងបានមើលការប្រកួតរបស់ពួកគេក្នុងលីគ ហើយយើងដឹងថាពួកគេគឺជាក្រុមដែលមានការរៀបចំល្អមែនទែន ពួកគេមានកីឡាករជម្រើសជាតិដែលល្អៗច្រើនផងដែរ ពួកគេមានកីឡាករលឿនៗ ដែលចាំបាច់យើងត្រូវការប្រយ័ត្នចំពោះពួកគេ ពួកគេគឺជាក្រុមដែលគ្រប់គ្រងលីគរបស់គេ ពួកគេឈ្នះពានច្រើនណាស់ ដូច្នេះយើងមិនអាចផ្តល់ឱកាសឲ្យពួកគេនៅក្បែរប្រអប់ទីនោះទេ ប៉ុន្តែយើងត្រូវតែបង្កើតឱកាសដើម្បីធ្វើឲ្យបានល្អជាងគេ គោលដៅចម្បងរបស់យើងគឺឡើងទៅវគ្គបន្ត យើងត្រូវតែឈ្នះដើម្បីរក្សាស្ថេរភាព និងទទួលបាន ៣ពិន្ទុ ក្នុងការប្រកួតលើកដំបូងក្នុងដី”។

យ៉ាងណាមិញ ចំពោះគ្រូបង្វឹករបស់ Shan United វិញម្ដង លោក Han Win Aung បាននិយាយថា៖ “ខ្ញុំគិតថា ការលេងជាមួយភ្នំពេញក្រោនជាការប្រកួតសន្សំពិន្ទុក្នុងពូលធម្មតា ទម្រង់លេងគឺតាមទម្រង់ដូចដែលយើងលេងមុនៗ គឺគ្មានការផ្លាស់ប្តូរអ្វីទេ ខ្ញុំគិតថា កម្រិតការប្រកួតលីគកម្ពុជាក៏មិនខុសនឹងកម្រិតលីគមីយ៉ាន់ម៉ាប៉ុន្មានដែរ”។

គួរបញ្ជាក់ថា ក្រុមទាំង២ ធ្លាប់បានប្រកួតម្ដងរួមមកហើយ ដែលភ្នំពេញក្រោនបានទទួលជ័យជម្នះលើក្រុម Cebu FC ក្នុងលទ្ធផល ០-៣ ចំណែកចំពោះក្រុម Shan United វិញបានបរាជ័យក្រោនថ្វីជើងរបស់ក្រុម Macarthur(អូស្ត្រាលី) ដោយលទ្ធផល ០-៣៕

អត្ថបទដែលជាប់ទាក់ទង