ក្រោយមក កម្ពុជា ប្រធាន IPCC ប្រកាសរកជើងខ្លាំងទម្ងន់ ៧២ គីឡូក្រាម ៨រូប…!
លោក Sasan Ghosairi ជាប្រធានក្រុមប្រឹក្សាកីឡាអាជីព «International Professional Combat Council (IPCC) បានប្រកាសស្វែងរកជើងខ្លាំងប្រដាល់ទម្ងន់ ៧២គីឡូក្រាម ៨រូប ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនៅខែវិច្ឆិកា បន្ទាប់ពីលោកបានមកមើលការប្រកួតផ្ទាល់នៅក្នុងព្រឹត្តិការណ៍ប្រកួតរបស់ទូរទស្សន៍ថោន កាលពីចុងសប្តាហ៍កន្លងទៅ។
លោក Sasan បាននិយាយថា៖ “នៅពេលខ្ញុំអំពីសង្វៀនប្រដាល់ ខ្ញុំតែងតែនិយាយអំពីកីឡា និងការអភិវឌ្ឍ ព្រមទាំងមិត្តភាព និងកំណើនដែលស្ថិតនៅក្រោមដំបូងតែមួយ ទាំងនោះហើយដែលខ្ញុំហៅថា (ក្បាច់គុន) ខ្ញុំមិនដែលនិយាយអំពីលុយទេ ពីព្រោះកេរ្តិ៍ឈ្មោះរបស់ខ្ញុំមិនមែនជាលុយ ខ្ញុំរៀបចំព្រឹត្តិការណ៍ប្រកួតទាំងអស់ និងជ្រើសរើសកីឡាករឆ្នើមៗ ដោយមិនមានការចុះកុងត្រាឡើយ បើលោកអ្នកជាអ្នកផ្គូផ្គង ឬជាអ្នករៀបចំកម្មវិធី ហើយបានឃើញសារនេះ លោកអ្នកប្រាកដជាដឹងថា បុគ្គលនេះជានរណា ប្រមូលផ្តុំគ្រប់កីឡាករ អ្នកគ្រប់គ្រង និងគ្រូបង្វឹកដោយសំដីរបស់ខ្ញុំ”។
លោកបានបន្តទៀតថា៖ “គាត់នឹងនាំមកនូវព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យមួយទៀតនៅតំបន់អាស៊ាន ហើយខ្ញុំកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ធំមួយទៀតនៅតំបន់អាស៊ី ជាថ្មីម្តងទៀត ការប្រកាសជ្រើសរើសគឺបើកចំហរដល់គ្រប់កីឡាករទាំងអស់ទូទាំងពិភពលោកមកកាន់កម្មវិធីរបស់ខ្ញុំ ហើយខ្ញុំកំពុងស្វែងរកកីឡាករទម្ងន់ ៧២គីឡូក្រាមឆ្នើមៗបំផុតចំនួន ៨រូបសម្រាប់ព្រឹត្តិការណ៍ប្រកួតនៅខែវិច្ឆិកា ខាងមុខនេះ”។ លោក Sasan បានបញ្ជាក់រទៀតថា៖ ប៉ុន្តែលោកនៅមិនទាន់ទម្លាយឲ្យដឹងពីប្រទេសណា ដែលត្រូវរៀបចំព្រឹត្តិការណ៍ប្រកួតប្រជុំ ដោយជើងខ្លាំងទម្ងន់ ៧២គីឡូក្រាម៨រូបនោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីចុងសប្តាហ៍នេះ លោក Sasan Ghosairi បានមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ IPCC អន្តរទ្វីបចំនួន ៤គ្រឿងដែលកីឡាករកម្ពុជា ៣រូបគឺ ផល សោភ័ណ្ឌ, ធឿន ធារ៉ា និង រឿង សោភ័ណ្ឌ ព្រមទាំងកីឡាករអាមេរិក Banasak Pawell បានក្លាយជាម្ចាស់ខ្សែក្រវាត់ ហើយលោក Sasan ជាអ្នករៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិធំៗ ជាច្រើនមានដូចជា Mass Fight នៅប្រទេសចិន ដែលមានស្តេចប្រដាល់ថៃ Buakaw គម្រោងការប្រកួតរវាងស្តេចប្រដាល់ហ្វីលីពីន Pacquiao ជាមួយកីឡាករ Buakaw នៅដើមឆ្នាំ២០២៤ ព្រមទាំងកីឡាករល្បីៗជាច្រើនទៀត៕