នេះជាលក្ខខណ្ឌ ៥យ៉ាង ដើម្បីក្លាយជាម្ចាស់រថយន្ត ក្នុងការប្រកួតនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ…!
កីឡាករប្រដាល់ ៥ប្រទេសផ្សេងគ្នា នឹងមកប្រកួតជាមួយអ្នកលេងគុនខ្មែរ នៅក្នុងព្រឹត្តិការណ៍ប្រកួតដែលមានរង្វាន់រថយន្តពីប៊ូសស្ត្រង នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយការប្រកួតមិត្តភាពអន្តរជាតិទាំង ៧គូ ប៉ុន្តែកីឡាករកម្ពុជា ៤រូបគឺ ឈុត សេរីវ៉ាន់ថង ឃីម បូរ៉ា អេលីត សាន់ និង ទូច ដេវីត ត្រូវប្រជែងគ្នា ដើម្បីដណ្តើមរង្វាន់រយន្តថ្មីទំនើប ១គ្រឿង ខណៈ ៣រូបផ្សេងទៀតគឺ ព្រំ សំណាង ពេជ្រ សម្បត្តិ និង ប៉ឺត សង្ឃឹម មិនមែនប្រកួតដើម្បីប្រជែងរង្វាន់រថយន្តនោះទេ។
ពិតណាស់ បេក្ខភាពប្រជែងរង្វាន់រថយន្ត គឺ ទូច ដេវិត ត្រូវប៉ះកីឡាករមកពីចិន Wang Yue Yue អេលីត សាន់ ត្រូវប៉ះកីឡាករមកពីថៃ Rungrawee ឈុត សេរីវ៉ាន់ថងត្រូវប៉ះកីឡាករមកពីប្រេស៊ីល Italo Fritas និង ឃីម បូរ៉ា ត្រូវប៉ះកីឡាកមកពីថៃ Chatchai។
ចំណែកឯ គូមិត្តភាពអន្តរជាតិមិនប្រជែងរង្វាន់រថយន្តគឺ ម្ចាស់មេដាយមាសស៊ីហ្គេម ប៉ឺត សង្ឃឹម ត្រូវប៉ះកីឡាករមកពីចិន Guo Chen ហើយម្ចាស់រង្វាន់រថយន្តលើកទី១ ពេជ្រ សម្បត្តិ ត្រូវប៉ះកីឡាករមកពីម៉ាឡេស៊ី-អាមេរិក Elias Ghazali និងម្ចាស់មេដាយមាសស៊ីហ្គេម ព្រំ សំណាង ត្រូវប៉ះកីឡាករមកពីអ៊ុយក្រែន Vladyslav។
*នេះជាលក្ខខណ្ឌនៃការប្រកួត ដើម្បីប្រជែងរង្វាន់រថយន្តថ្មីសន្លាង ១គ្រឿងមានដូចជា៖
ទី១. ប្រសិនបើ កីឡាករខ្មែរទាំង ៤រូបទទួលបានជ័យជម្នះដូចគ្នា នឹងជ្រើសរើសយក ២រូប (ខ្មែរប៉ះខ្មែរ) ដែលទទួលបានការគាំទ្រច្រើនពីអ្នកទស្សនាផ្ទាល់ តានរយៈសារគាំទ្រតាមលេខទូរសព្ទ និងតាមបណ្តាញសង្គម ដើម្បីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលជាគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
ទី២. ប្រសិនបើកីឡាករខ្មែរ ៣នាក់ឈ្នះ គឺជ្រើសរើសយក ២រូបដែលទទួលបានការគាំទ្រច្រើនពីអ្នកទស្សនាផ្ទាល់ តានរយៈសារគាំទ្រតាមលេខទូរសព្ទ និងតាមបណ្តាញសង្គម ដើម្បីឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
ទី៣. ប្រសិនបើ កីឡាករខ្មែរ ២នាក់ឈ្នះ គឺឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្ត។
ទី៤. ប្រសិនបើ កីឡាករខ្មែរតែ ១នាក់ឈ្នះគឺក្លាយជាម្ចាស់រថយន្តតែម្តងដោយគ្មានការប្រកួតវគ្គផ្តាច់ព្រ័ត្រគូទី ៨នោះទេ។
ទី៥. ប្រសិនបើ កីឡាករខ្មែរចាញ់ទាំង ៤នាក់ គឺប្រើវិធីសាស្ត្រនៃការគាំទ្រច្រើនពីអ្នកទស្សនាផ្ទាល់ តានរយៈសារគាំទ្រតាមលេខទូរសព្ទ និងតាមបណ្តាញសង្គម ដើម្បីប្រកួតគូទី៨ ហើយអ្នកឈ្នះគឺជាម្ចាស់រថយន្តតែម្តង។
គួរបញ្ជាក់ផងដែរថា កីឡាករបរទេសមិនមែនជាបេក្ខភាពដណ្តើមរង្វាន់រថយន្តនោះទេ ដោយពួកគេប្រកួតមិត្តភាពអន្តរជាតិធម្មតាដែលខុសពីកីឡាករកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិ ដើម្បីប្រជែងគ្នាឆ្ពោះទៅដណ្តើមរង្វាន់រថយន្ត៕