ធន់ វណ្ណា មិនដែលទទូចចង់ជួបទេ តែបើគេរៀបចំឲ្យ គាត់នឹងសាកជាមួយ ពេជ្រ សម្បត្តិ…

មួយរយៈពេលចុងក្រោយនេះ កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ ឡើងខ្ពស់ណាស់ ដោយគាត់កំពុងកាន់កាប់កំណត់ត្រាឈ្នះជាហូរហែលក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ពិសេសក្នុងការប្រកួតធំៗ ដាក់ខ្សែក្រវាត់អីកីឡាកររហ័សនាម ក្របីព្រៃ រូបនេះមិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ។

ពិតណាស់ សម្រាប់កីឡាករក្លិបសមាគមក្រសួងការពារជាតិ ធន់ វណ្ណា បានលើកឡើងថា៖ ខ្លួនចង់សាកល្បងជាមួយ ក្របីព្រៃ ពេជ្រ សម្បត្តិ ដែរ បើមានការរៀបចំ ដោយរូបគេជឿជាក់ថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ភ្លក់រសជាតិនៃជំនួបតទល់កីឡាករដែលកំពុងឡើងកូដ ពេជ្រ សម្បត្តិ។

យ៉ាងណាមិញ អ្នកប្រយុទ្ធមានប្រភពពីខេត្តក្រចេះរូបនេះ ក៏សារភាពថា ខ្លួនជាកីឡាករកម្រិតទាបជាង ពេជ្រ សម្បត្តិ តែរូបគេត្រៀមខ្លួនរួចជាស្រេច បើមានជំនួបនោះកើតឡើងពិតមែន គឺគេច្បាស់ ១០០ភាគរយ និងទទួលការប្រកួត ហើយបើមានការដណ្តើមខ្សែក្រវាត់ ឬពានរង្វាន់ធំអ្វីមួយនោះកាន់តែប្រសើរ។ ដោយ ធន់ វណ្ណា បាននិយាយថា៖ “ចិត្តខ្ញុំចង់វ៉ៃបង ឲ្យតែមានការប្រកួតពេលណាក៏បាន លក្ខណៈអ្វីក៏បាន ហើយសម្រាប់សំណូមពរខ្ញុំមិនហ៊ានទេ ព្រោះខ្ញុំនៅកម្រិតទាបជាងគេ តែបើករណីមានគេចាប់គូឲ្យយវ៉ៃមែនខ្ញុំនឹងទទួលការប្រកួតនោះ”។

គួរបញ្ជាក់ផងដែរថា កន្លងមកគ្រូបង្វឹកផ្ទាល់របស់ ធន់ វណ្ណា លោកគ្រូបង្វឹកឆ្នើម ធន់ សុភា ធ្លាប់ចុចឈ្មោះ វណ្ណា ចំៗថា ជាជើងខ្លាំងរលកថ្មីដែលសាកសមអាចវ៉ៃជាមួយ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ កីឡាករ ពេជ្រ សម្បត្តិ ហើយលោកមើលឃើញថា ធន់ វណ្ណា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការតទល់ ពេជ្រ សម្បត្តិ ដោយលោកផ្អែកលើកត្តា ធន់ តាន់ និងប្រកួតមិនសូវចាញ់ដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង