WOW! បេក្ខភាពដែលដណ្តើមខ្សែក្រវាត់ និងដណ្តើមរថយន្តនៅអូស្ត្រាលី ប៉ះចំថ្ងៃប្រកួតរវាង ព្រំ សំណាង និង ដាវ លីឌុច ដែល…

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នេះ មានការទម្លាយឲ្យដឹងពីប្រូម៉ូទ័រ ដែលដឹកនាំកីឡាករខ្មែរចេញទៅប្រកួតនៅក្រៅប្រទេស ដែលបានបង្ហើបក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា កីឡាករកម្ពុជា ៥រូបនឹងត្រូវចេញទៅបង្ហាញក្បាច់គុនខ្មែរនៅប្រទេសអូស្តា្រលី នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្នុងនោះ មានកីឡាករ ៣រូបត្រូវប្រកួតដណ្តើមខ្សែក្រវាត់ផង និងដណ្តើមរថយន្តខ្លាញ់គោមួយគ្រឿងផងដែរ។

ពិតណាស់ នៅក្នុងចំណោមកីឡាករកម្ពុជាទាំង ៣រូបដែលដណ្តើមរថយន្ត និងខ្សែក្រវាត់នោះ រួមមាន៖

ទី១.កីឡាករ អេអាំម៉ារីន ភូថង

ទី២.កីឡាករ លន បញ្ញា

ទី៣.កីឡាករក្របីព្រៃ ពេជ្រ សម្បត្តិ ចំណែកឯ គូមិត្តភាពអន្តរជាតិ រួមមាន៖ កីឡាករ ពេជ្រ ប៊ុនសិទ្ធ និងកីឡាករ គឿម សុវណ្ណឃីម។

យ៉ាងណាមិញ ភាគីខាងកីឡាករបរទេសអ្នករៀបចំកម្មវិធីមិនទាន់ទម្លាយចេញឲ្យដឹងនៅឡើយទេ ថាមានកីឡាករអូស្ត្រាលី ប៉ុន្មាននាក់ និងមានកីឡាករបរទេសក្រៅពីអូស្ត្រាលី ចូលរួមដែរឬក៏យ៉ាងណា ព្រោះការប្រកួតនៅមានរយៈពេលជិត ១ខែទៀតឯណោះ ដូច្នេះ បេក្ខភាពកីឡាករខ្មែរ និងបរទេសអាចនឹងមានការផ្លាស់ប្ដូរបានគ្រប់ពេល ប្រសិនបើក្នុងករណីមានរឿងអ្វីមួយកើតឡើងជាថាហេតុនោះ។

ដោយឡែក នៅថ្ងៃដដែលនោះដែរ នៅកម្ពុជាឯណេះវិញ ក៏មានព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដ៏កក្រើកមួយផងដែរ នោះគឺជំនួបរវាងកីឡាករអធិរាជជង្គង់កែងឆាប ព្រំ សំណាង ត្រូវជួបជាមួយស្តេចប្រដាលគុនឡេតវេយ៍ភូមា ដាវ លីឌុច ខណៈដែលការប្រកួតនេះ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីកីឡាករ ដាវ លីឌុច ដាក់សំណើត្រង់មកសម្តេច ដើម្បីស្នើសុំការប្រកួតមួយ ជាមួយកីឡាករជើងខ្លាំង ព្រំ សំណាង នៅលើទឹកដីកម្ពុជា ហើយភ្លាមៗសំណើនោះទទួលបានការអនុញ្ញាតពីសម្តេចធិបតីផងដែរ។

ដូច្នេះ សម្រាប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ អាចចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្ត្រនៃគុនខ្មែរ ព្រោះមានមហាព្រឹត្តិការណ៍ធំចំនួន ២កើតឡើងព្រមគ្នា ក្នុងថ្ងៃតែមួយ ខណៈគុនខ្មែរដែលជាក្បាច់គុនមរតករបស់ដូនតាយើងមួយនេះ កំពុងរីកសាយភាយកេរ្តិ៍ឈ្មោះទៅកាន់ឆាកអន្តរជាតិកាន់តែខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង