ឈុត សេរីវ៉ាន់ថង បានឆ្លើយតបទៅ អេលីត សាន់ វិញថា ចង់លេងក្បាច់អ្វីក៏បានដែល…

ជើង​ខ្លាំង​គុន​ខ្មែរ​ទម្ងន់ ៦០​គីឡូក្រាម​ ៤​រូប​ត្រូវ​ប្រជែង​គ្នា​ដើម្បីរង្វាន់​រថយន្ត​ថ្មី​សន្លាង​ ១​គ្រឿង​ពី​​ភេសជ្ជៈ​ប៊ូសស្ត្រង នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៣ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​ចូល​ទស្សនាដោយ​សេរី ហើយបេក្ខភាព​ទាំង ៤​រូប​សុទ្ធ​តែ​ជើង​ខ្លាំង​ជួរ​មុខ ក្នុងនោះមានដូចជា​៖ ឃីម បូរ៉ា, ទូច ដេវីត, ឈុត សេរីវ៉ាន់ថង និង អេលីត សាន់ ដោយបេក្ខភាព​ទាំង​ ៤​រូប​នេះ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ ហើយ​ក៏​មាន​សង្គ្រាម​ពាក្យ​សំដី​ផ្ទុះ​ដាក់​គ្នារវាងកីឡាករនឹងកីឡាករផងដែរ។

ពិតណាស់ ក្នុង​នោះ​គេ​ឃើញ​កីឡាករពូកែ​បុក អេលីត សាន់ បានប៉ះ​សំដី​គ្នា​ជា​មួយ​អ្នក​លេង​ក្បាច់​ ឈុត សេរីវ៉ាន់ថង ដោយ អេលីត សាន់ ​​ចង់​ជួប​ ឈុត សេរីវ៉ាន់ថង នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ជម្រុះ​បញ្ជី​ចាស់ និង​ចង់​ឲ្យកីឡាករ​មក​ពី​ខេត្ត​បាត់ដំបង​ម្នាក់​នេះ​វ៉ៃ​បុក​ ពោល​គឺ​មិន​ត្រូវ​ព្យាយាម​ថយ​ក្រោយដូចមុខ​ឡើយ។

យ៉ាងណាមិញ ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឈុត សេរីវ៉ាន់ថង ក៏បានឆ្លើយ​តប​នឹង​ការ​ចង់​បាន​របស់ អេលីត សាន់ ថា៖ “បុក​ក៏​បាន ថយ​ក៏​បាន​ ក្បាច់​គុន​ខ្មែរ​មាន​ច្រើន​ទម្រង់​ ច្រើន​ក្បាច់​ ច្រើនស្នៀត​ អ្នក​ខ្លាំង​ពិត​គឺ​ចេះ​វាយ​គ្រប់ដាន”។

គួរបញ្ជាក់ផងដែរថា អ្នក​ទាំង​ពីរ​ធ្លាប់​ប៉ះ​​​គ្នាចុង​ក្រោយ​ កាល​ពី​ខែ​មិថុនា ដែល​កាលនោះ ឈុត សេរីវ៉ាន់ថង ឈ្នះ​ដោយ​ពិន្ទុ ​ដើម្បី​ទទួល​បានខ្សែក្រវាត់​ដែល​មាន​ប្រាក់​រង្វាន់​ ១​ម៉ឺន​ដុល្លារ និងខ្សែក​មាស ​២​តម្លឹង ហើយការ​ប្រកួត​នោះ អេលីត សាន់ ជា​អ្នក​ដើរ​ចូល​វ៉ៃ ប៉ុន្តែ​ធ្វើអ្វី​មិន​បាន​លើ សេរីវ៉ាន់ថង ដែល​ព្យាយាម​ប្រើ​​បច្ចេកទេស ថយ​ក្រោយ និង​វ៉ៃ​យក​ពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង