ធន់ ផានិត បានតាំងចិត្តមិនឲ្យអ្នកគាំទ្រខកចិត្ត ក្នុងជំនួបលើកដំបូងទល់នឹងជើងខ្លាំង អ៊ីរ៉ង់ នោះទេ…!

អ្នកលេងគុនខ្មែរជំនាន់ថ្មី ធន់ ផានិត ក្នុងរយៈពេលចុងក្រោយនេះ តែងតែមានមុខវ៉ៃ តទល់នឹងកីឡាករបរទេសជាញឹកញាប់ ភាគច្រើន ផានិត តែងតែប៉ះនឹងកីឡាករថៃ និង ឡាវជាដើម តែសម្រាប់សប្តាហ៍នេះអ្នកលេងគុនខ្មែរទម្ងន់ ៥៧ គីឡូក្រាមរូបនេះ នឹងត្រូវទទួលលស្វាគមន៍កីឡាករមកពី អ៊ីរ៉ង់ វិញម្តង។

ពិតណាស់ កូនសិស្សលោកគ្រូ ធន់ សុភា កីឡាករ ធន់ ផានិត បាននិយាយថា៖ “ជំនួបតទល់នឹងកីឡាករមកពី អ៊ីរ៉ង់ គឺជាលើកទីមួយហើយសម្រាប់ខ្លួន ហើយមិនបានស្គាល់ពីប្រវត្តិច្បាស់លាស់របស់គូប្រកួតនៅឡើយទេ តែខ្ញុំបេ្តជ្ញាថា នឹងមិនឲ្យអ្នកគាំទ្រខកបំណងនោះឡើយ”។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីបានចាញ់ ពេជ្រ ប៊ុនសិទ្ធ ក្នុងវគ្គដណ្តើមខ្សែក្រវាត់កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៣ មក គិតមកទល់ពេលនេះ ធន់ ផានិត មិនទាន់ស្គាល់បរាជ័យនៅឡើយទេ ក្នុងការជួបតទល់នឹងកីឡាករបរទេស ដែលភាគច្រើនជាជនជាតិថៃ ហើយសប្តាហ៍នេះជាលើកដំបូងហើយដែលរូបគេត្រូវជួបនឹងកីឡាករ អ៊ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង