អេមណាស់! ស្ថានទូត បានឯកភាពផ្តល់ Visa ដល់ក្រុមគុនខ្មែរ ឲ្យទៅរៀបចំការប្រកួត នៅប្រទេសអូស្រ្តាលី ហើយ…
គិតមកទល់ពេលនេះ ស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា បានឯកភាព ក្នុងការផ្តល់ទិដ្ឋាការ (Visa) ជាផ្លូវការទៅដល់កីឡាករ និងគ្រូបង្វឹកប្រដាល់គុនខ្មែរចំនួន ៩ នាក់ រួមទាំងក្រុមការងារបច្ចេកទេសរបស់ Kun Khmer Super Fight ចំនួន ១៧ នាក់ទៀត ដើម្បីទៅសហការរៀបចំការប្រកួតប្រដាល់គុនខ្មែរ ជាមួយស្ថាប័ន Best of the Best នៅលើទឹកដីប្រទេសអូស្រ្តាលី ជាលើកដំបូងហើយ។
ពិតណាស់ សម្រាប់ការនាំយកក្រុមប្រដាល់គុនខ្មែរទៅប្រកួត និងរៀបចំការប្រកួត នៅអូស្រ្តាលី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ គឺក្រុម Kun Khmer Super Fight ទើបតែទទួលបាន Visa ពីស្ថានទូតអូស្រ្តាលី កាលពីថ្ងៃទី១៨ ខែតុលា ហើយការឯកភាពនេះ បានក្លាយជាការបើកផ្លូវមួយយ៉ាងសំខាន់ ដើម្បីឲ្យក្រុមប្រដាល់គុនខ្មែរ អាចបង្ហាញវត្តមាន នៅលើទឹកដីនៃទ្វីបអូសេអានីមួយនេះ ជាលើកដំបូង។
យ៉ាងណាមិញ លោក នូ ពៅ ដែលជាក្រុមការងាររបស់ Kun Khmer Super Fight បានប្រាប់កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ថា៖ កីឡាករ ពេជ្រ សម្បត្តិ ពេជ្រ ប៊ុនសិទ្ធ លន បញ្ញា អេ អាំម៉ារីនភូថង នឹង គឿម សុវណ្ណឃីម ដែលត្រូវចេញទៅប្រកួត រួមទាំងលោកគ្រូ អេ ភូថង លោកគ្រូ ពេជ្រ សុផាន់ លោក Thiago និងក្រុមការងារបច្ចេកទេសមួយចំនួនទៀត សុទ្ធតែទើបទទួលបាន Visa ពីស្ថាតទូតអូស្រ្តាលី កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដូចគ្នា ហើយយើងបានកក់សំបុត្រយន្តហោះ ចេញទៅប្រទេសអូស្រ្តាលី រួចអស់ហើយ គឺនឹងចេញដំណើរនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះហើយ។
សម្រាប់ការប្រកួតគុនខ្មែរ លើទឹកដីអូស្រ្តាលី នាថ្ងៃទី៥ ខែវិច្ឆិកា ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង Kun Khmer Super Fight និងស្ថាប័ន Best of the Best មានមូលដ្ឋាននៅអូស្រ្តាលីនេះ នឹងត្រូវនៅវិមាន MALVERN TOWN HAL នាទីក្រុងមែលប៊ន ហើយសំបុត្រចំនួន ៥០០សន្លឹក នឹងត្រូវបានលក់ សម្រាប់អ្នកដែលចង់ចូលរួមទស្សនាផ្ទាល់ ដោយការប្រកួតនោះមានចំនួន ៧គូ ហើយនៅក្នុងចំណោមការប្រកួតទាំង ៧គូនេះ គឺកីឡាករកម្ពុជា ៣នាក់ រួមមាន ពេជ្រ សម្បត្តិ លន បញ្ញា និង អេ អាំម៉ារីនភូថង សុទ្ធតែត្រូវបានដាក់ឲ្យប្រកួតដណ្តើមខ្សែក្រវាត់ ដោយក្នុងនោះ អ្នកលេងជង្គង់ពិឃាត អេ អាំម៉ារីន ភូថង ត្រូវប៉ះអ្នកប្រយុទ្ធរបស់អូស្រ្តាលី Clinton Corke ដែលជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន Rise ក្នុងទម្ងន់ ៦៦គីឡូក្រាម រីឯ លន បញ្ញា ត្រូវដណ្តើមខ្សែក្រវាត់ទម្ងន់ ៦៥គីឡូក្រាម ជាមួយអ្នកលេងរន្ទះជើងឆ្វេង Cian Lougheed របស់ម្ចាស់ផ្ទះអូស្រ្តាលីដូចគ្នា ចំណែកក្របីព្រៃ ពេជ្រ សម្បត្តិ ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាម ជាមួយអ្នកប្រយុទ្ធរបស់ថៃ Tum Kitti Patkam ដោយឡែក ពេជ្រ ប៊ុនសិទ្ធ និង គឿម សុវណ្ណឃីម ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករម្ចាស់ផ្ទះអូស្រ្តាលីដូចគ្នា ដោយក្នុងនោះ ប៊ុនសិទ្ធ ត្រូវប៉ះ Moo Do ក្នុងទម្ងន់ ៥៥,៥គីឡូក្រាម ហើយនឹង សុវណ្ណឃីម ត្រូវតទល់ជាមួយ Fahed Hardar ក្នុងទម្ងន់ ៥៥គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា ម្ចាស់ឧបត្ថម្ភធំ GanzBerg ក៏នឹងមានការផ្តល់រង្វាន់ឡានដ៏ថ្មីសន្លាង ដល់កីឡាករកម្ពុជា ដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់ទាំង ៣គូ នៅប្រទេសអូស្រ្តាលី នេះ បើសិនជាអ្នកណាម្នាក់ ក្នុងចំណោមគូទាំង ៣នេះ បានក្លាយជា Fighter of the Night ចំណែកលក្ខខណ្ឌ ដើម្បីក្លាយជា Fighter of the Night នេះ គឺគណៈកម្មការរៀបចំ នឹងប្រកាស នៅពេលក្រុមប្រដាល់គុនខ្មែរបានធ្វើដំណើរ ទៅដល់ប្រទេសអូស្រ្តាលី៕